បរទេស៖ ប្រទេស ម៉ារ៉ុក អាចត្រូវបានកំណត់ដើម្បីសម្លាប់ សត្វសុនខ (ឆ្កែ) អនាថា ចំនួន៣លានក្បាល នៅក្នុងការប៉ុនប៉ង បោសសម្អាតដ៏ឃោរឃៅមួយ មុនពេលដែលប្រទេស ធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ ពិភពលោកឆ្នាំ២០៣០ ។
យោងតាមសារព័ត៌មាន The Sun ចេញផ្សាយកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា សត្វឆ្កែអាចត្រូវបានគេចាប់ពី តាមដងផ្លូវដើម្បីធ្វើឱ្យទីក្រុងនានា របស់ប្រទេសម៉ារ៉ុក មើលទៅកាន់តែស្រស់ស្អាត សម្រាប់អ្នកទស្សនាបាល់ទាត់។
ចំណែកអង្គការសកម្មជនសត្វបានអះអាងថា សត្វឆ្កែត្រូវបានបំពុល ដោយសារធាតុ Strychnine ដែលជាសារធាតុពុលប្រើជាថ្នាំ សម្លាប់សត្វល្អិតតូចៗ ដូចជាសត្វស្លាប និងសត្វកកេរ ។
ប្រទេសម៉ារ៉ុកនឹងធ្វើជាម្ចាស់ផ្ទះការប្រកួត បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ 2030 រួមជាមួយនឹងប្រទេសអេស្ប៉ាញ និងព័រទុយហ្គាល់ ។ ព្រឹត្តិការណ៍នេះនឹងមានការប្រកួតនៅទូទាំងប្រទេសទាំងបី ដោយបង្ហាញពីឱកាសដំបូង របស់ប្រទេសម៉ារ៉ុកក្នុងការធ្វើសហម្ចាស់ផ្ទះ ការប្រកួតបាល់ទាត់ពិភពលោក។
ប្រទេសនេះបានចាប់ផ្តើមរៀបចំហេដ្ឋា រចនាសម្ព័ន្ធរបស់ខ្លួនរួចហើយក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវកីឡដ្ឋាន និងបណ្តាញដឹកជញ្ជូន ឱ្យស្របតាមស្តង់ដារ FIFA ។
សម្ព័ន្ធសត្វអន្តរជាតិឥឡូវនេះ បានបង្ហាញអំពីការយកចិត្តទុកដាក់លើការសម្លាប់នេះ ដោយដាក់ឈ្មោះថា “អាថ៌កំបាំងដ៏អាក្រក់របស់ម៉ារ៉ុក”។
យោងតាមក្រុមចម្រុះ សត្វឆ្កែត្រូវបានបំពុលដោយ សារធាតុ strychnine ដែលជាសារធាតុគីមីពុលខ្លាំង គ្មានពណ៌ និងជូរចត់ ដែលប្រើជាថ្នាំ សម្លាប់សត្វល្អិត ជាពិសេសសម្រាប់ ការសម្លាប់សត្វតូចៗ ដូចជាសត្វស្លាប និងសត្វប្រភេទ កកេរ៕
ប្រែសម្រួលៈ ណៃ តុលា