ព័ត៌មានអន្តរជាតិ

មនុស្ស៥នាក់ នៅតៃវ៉ាន់ ប្រឈមនឹងការចោទប្រកាន់ ពីបទពុលអាហារស្លាប់ នៅភោជនីយដ្ឋានម៉ាឡេស៊ី

VN Express

តៃវ៉ាន់ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា មនុស្ស ៥ នាក់ នៅតៃវ៉ាន់ ត្រូវបានចោទប្រកាន់ ពីបទមនុស្សឃាតដោយធ្វេសប្រហែស និងការរំលោភបំពាន សុវត្ថិភាពចំណីអាហារ បន្ទាប់ពីអតិថិជន ៦ នាក់ នៅភោជនីយដ្ឋានម៉ាឡេស៊ី ក្នុងស្រុកមួយបានស្លាប់ ដោយសារការពុលអាហារ ។

នេះបើតាមការឲ្យដឹងពីលោក Kao I-shu អគ្គរដ្ឋអាជ្ញារង នៃការិយាល័យព្រះរាជអាជ្ញាប្រចាំស្រុកតៃប៉ិ បាននិយាយថា ម្ចាស់ អ្នកគ្រប់គ្រងសាខា មេចុងភៅ ២ នាក់ និងអ្នកហាត់ការ នៅសាខា Xinyi នៃភោជនីយដ្ឋាន Polam Kopitiam ក្នុងទីក្រុងតៃប៉ិ ត្រូវបានចោទប្រកាន់ពីបទ បន្ទាប់ពីឧប្បត្តិហេតុ ពុលអាហារស្លាប់នាខែមីនា ឆ្នាំ ២០២៤ ។

នេះបើតាម CNA រាយការណ៍ពីការិយាល័យនេះថា សារធាតុអាស៊ីត Bongkrekic ដែលជាជាតិពុល ត្រូវបានរកឃើញក្នុងចំណោម អតិថិជនយ៉ាងហោចណាស់ ៣៣ នាក់បានញ៉ាំអាហារ នៅភោជនីយដ្ឋានកាលពីខែមីនាឆ្នាំមុន ។ អតិថិជនចំនួន ៦ នាក់បានស្លាប់។

កាសែត The Straits Times បានរាយការណ៍ថា មេចុងភៅ និងអ្នកហាត់ការបានរក្សា ទុកគុយទាវសំប៉ែតដោយមិនត្រឹមត្រូវនៅសីតុណ្ហភាពបន្ទប់ ខណៈគុយទាវ គួរត្រូវបានរក្សាទុកនៅសីតុណ្ហភាពទាប ។ លោក Kao បន្ថែមថា ចុងភៅក៏មិនបានចាត់វិធានការត្រឹមត្រូវ ដើម្បីការពារការចម្លងរោគផងដែរ ។

ទន្ទឹមនឹងនោះ ម្ចាស់ភោជនីយដ្ឋាន មិនបានអនុវត្តពិធីសារ សុវត្ថិភាពអាហារនៅភោជនីយដ្ឋាននោះទេ ព្រះរាជអាជ្ញាបានបន្ថែមថា ការផ្តន្ទាទោសដាក់ ពន្ធនាគារយ៉ាងតិច ៤ ឆ្នាំកំពុងត្រូវបានពិចារណាសម្រាប់ម្ចាស់ភោជនីយដ្ឋាន និងចុងភៅម្នាក់ ហើយការកាត់ទោសធ្ងន់ធ្ងរជាងនេះ ត្រូវបានស្នើឡើងសម្រាប់ ចុងភៅម្នាក់ទៀត។

សារធាតុអាស៊ីត Bongkrekic ត្រូវបានផលិតដោយបាក់តេរី Burkholderia gladioli ។ វាគឺជាជាតិពុលដែលអាចកំណត់គោលដៅថ្លើម តម្រងនោម និងខួរក្បាលបណ្តាលឲ្យក្អួត រាគ ឈឺពោះ និងអាចស្លាប់បាន៕

Most Popular

To Top