ព័ត៌មានអន្តរជាតិ

សាលារៀន ក្នុងក្រុងបាងកក ជាង ២៥០ បង្ខំបិទទ្វារទំាងស្រុង ដោយសារការបំពុល បរិយាកាសខ្លាំងពេក

VN Express

ថៃ ៖ អាជ្ញាធរប្រទេសថៃបាននិយាយថា សាលារៀនជាង ២៥០ ក្នុងទីក្រុងបាងកក ត្រូវបានបិទ កាលពីថ្ងៃព្រហស្បតិ៍ ដោយសារតែការបំពុលបរិយាកាស ខ្លាំងពេក ខណៈមន្ត្រីបានជំរុញឲ្យមនុស្សធ្វើការពីផ្ទះ និងដាក់កម្រិតលើយានយន្តធុនធ្ងន់ ក្នុងទីក្រុងមួយនេះ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។

នេះបើយោងតាម IQAir បានប្រាប់ឲ្យដឹងថា ការបំពុលខ្យល់ តាមរដូវកាលបានធ្វើឲ្យប្រទេសថៃរងទុក្ខជាយូរមកហើយ ដូចជាប្រទេសជាច្រើន ក្នុងតំបន់ផ្សេងៗទៀត ដោយសារខ្យល់រដូវរងាកាន់តែត្រជាក់ និងជាប់គាំង រួមផ្សំជាមួយនឹងផ្សែងពីការឆេះចំបើងដំណាំ និងផ្សែងរថយន្ត។ កាលថ្ងៃព្រហស្បតិ៍ រដ្ឋធានីថៃ គឺជាទីក្រុងធំទី ៦ មានការបំពុលខ្លាំងបំផុតក្នុងពិភពលោក

កម្រិតនៃសារធាតុបំពុល PM2.5 ដែលជាមីក្រូភាគល្អិតបង្កមហារីក មានទំហំតូចល្មម ចូលទៅក្នុងចរន្តឈាមតាមរយៈសួត ឈានដល់ ១២២ មីក្រូក្រាមក្នុងមួយម៉ែត្រគូប ។ អង្គការសុខភាពពិភពលោកបានផ្តល់អនុសាសន៍ថា ការប៉ះពាល់ជាមធ្យម ២៤ម៉ោងមិនគួរលើសពី ១៥ សម្រាប់ថ្ងៃភាគច្រើននៃឆ្នាំ ។

អាជ្ញាធរក្រុងបាងកកបាននិយាយកាលពីដើមសប្តាហ៍នេះថា សាលារៀនក្នុងតំបន់ដែលមានកម្រិត PM2.5 កើនឡើងអាចជ្រើសរើសបិទ។ ហើយគិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ សាលាចំនួន ១៩៤ ក្នុងចំណោម ៤៣៧ នៅក្រោមអាជ្ញាធរក្រុងបាងកក បានបិទទ្វាររបស់ពួកគេ ដែលប៉ះពាល់ដល់សិស្សរាប់ពាន់នាក់។

តួលេខនេះគឺខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០២០ នៅពេលសាលារៀនទាំងអស់នៅក្រោមអាជ្ញាធរ BMA បានបិទដោយសារការបំពុលបរិយាកាស។ សាលារៀនចំនួន ៥៨ ផ្សេងទៀត ក្នុងចំណោម ១៥៦ នៅក្រោមការិយាល័យអប់រំមូលដ្ឋាន ជាស្ថាប័នរដ្ឋាភិបាលកណ្តាល ក៏បានសម្រេចចិត្តបិទ នៅថ្ងៃព្រហស្បតិ៍ផងដែរ។

សាលាជាច្រើនទៀតក្នុងរាជធានី ដែលស្ថិតក្រោមអាជ្ញាធរផ្សេងគ្នា និង គ្រឹះស្ថានឯកជន ប៉ុន្តែតួលេខសម្រាប់ពួកគេមិនមានទេ។ កុមារងាយរងគ្រោះជាពិសេស ចំពោះផលប៉ះពាល់នៃការបំពុលបរិយាកាស ប៉ុន្តែអ្នកតស៊ូមតិសិទ្ធិបានព្រមានថា ការបិទមិនសមាមាត្រប៉ះពាល់ ដល់សិស្សដែលងាយរងគ្រោះបំផុត ៕

Most Popular

To Top