យោងតាមប្រភពពត៌មាន Science Daily បានឲ្យដឹងថា កង្កែបដែលមានប្រវែងជាង២សង់ទីម៉ែត ត្រូវបានរកឃើញដោយលោក Andreas Hertz និងក្រុមការងាររបស់គាត់ ដែលជាអ្នកជំនាញខាងសត្វល្មូន និងមណ្ឌុកសត្វនៅឯវិទ្យាស្ថាន ស្រាវជ្រាវSenckenberg នៅក្នុងប្រទេសអាល្លឺម៉ង់។ ពួកគាត់បានរុករក និងសិក្សាស្រាវជ្រាវ ទៅលើសត្វល្មូនប្រភេទនេះ ចាប់តាំងពីឆ្នាំ ២០១០មកម្ល៉េះនៅកណ្តាលជួរភ្នំ នៃសាធារណរដ្ឋប៉ាណាម៉ា។
លោក Andreas Hertzបាននិយាយថាៈ “យើងបានស្វែងយល់ថា សត្វកង្កែបប្រភេទនេះ មានលក្ខណៈខុសឆ្ងាយ ពីប្រភេទកង្កែបដទៃទៀត ដែលយើងធ្លាប់បានស្គាល់ ដូច្នេះហើយទើបយើង ចាត់ទុកវាជាប្រភេទថ្មី ។ ម្យ៉ាងវិញទៀតយើង បានប្រទះឃើញពួកវារស់នៅក្នុងព្រៃយ៉ាងក្រាស់ ដោយមិនដែលមានអ្នកណាធ្លាប់ឃើញពីមុនមក ។”
គាត់ក៏បានបន្តទៀតថាៈ “នៅពេល ដែលយើងចាប់កង្កែប នោះដោយដៃ ពួកយើងបានចាប់អារម្មណ៏ឃើញថា ពណ៌ចេញពីស្បែកកង្កែបនោះ នៅជាប់ប្រឡាក់ដៃរបស់ពួកយើង ដោយមានពណ៌លឿង។ ក្រោយមកក្រុមអ្នកវិទ្យាសាស្រ្តបានដាក់ឈ្មោះវាថា (Diasporus citrinobapheus) ដោយពឹងផ្អែកទៅលើលក្ខណៈរបស់វា ព្រមទាំងមានន័យថា កង្កែបភ្លៀងជ្រលក់ពណ៌លឿង ។
មួយវិញទៀត ក្រុមអ្នកស្រាវជ្រាវ បានធ្វើការពិចារណាទៅលើលទ្ធផល ដែលបានកើតឡើង ដែលស្នាមប្រឡាក់ពណ៌លឿងនោះប្រហែលជាពឹស ឬក៏អាចជាអាថ៌កំបាំងអ្វីមួយ នៃស្បែករបស់វា ។
លោក Hertz បាននិយាយថាៈ “យើងមិនអាចនិយាយបានថាការប្រឡាក់ពណ៌ នៅលើម្រាមដៃរបស់ពួកយើងនេះល្អ ឬក៏ជារឿងធម្មតានោះឡើយ បើទោះបីជាយើងមិនអាចរកឃើញជាតិពឹសផ្សេងៗនៃពណ៌របស់វាក៏ដោយ។ ម្យ៉ាងវិញទៀត ពណ៌នៃស្បែករបស់វាប្រហែលជាមិនមានតួនាទីជាក់លាក់ ហើយត្រឹមតែងាយស្រួលក្នុងការលាងជំរះតែប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក្តី បច្ចុប្បន្ន ប្រភេទកង្កែបដ៏ចំលែកនេះនៅតែមិនអាចកំណត់លក្ខណៈ និងអត្តសញ្ញាណរបស់វាបាន។”