ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ ប្រាប់អ្នកគាំទ្រថា សហរដ្ឋអាមេរិក អាចទទួលបានទឹកដីថ្មី នាពេលខាងមុខ

Xinhua

បរទេស ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់អ្នកគាំទ្រជាច្រើនថា សហរដ្ឋអាមេរិកអាចទទួលបានទឹកដីថ្មី នាពេលខាងមុខ។ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ លោក ត្រាំ បានបង្ហាញពីមហិច្ឆិតា ក្នុងការពង្រីកទឹកដីរបស់សហរដ្ឋអាមេរិក និងបង្ហាញចំណាប់អារម្មណ៍ ក្នុងការបញ្ចូលតំបន់ Greenland , ប្រទេសកាណាដា និងព្រែកជីកប៉ាណាម៉ា ចូលក្នុងទឹកដីអាមេរិក ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក ត្រាំ បាននិយាយនៅក្នុងសុន្ទរកថានៅទីក្រុង Las Vegas កាលពីថ្ងៃសៅរ៍ថា “យើងប្រហែលពង្រីកប្រទេស កាន់តែធំក្នុងពេលឆាប់ៗនេះ” ។

លោកបាននិយាយថា “អស់រយៈពេលជាច្រើនឆ្នាំ រាប់ទសវត្សរ៍មកហើយ យើងមានទំហំដូចគ្នានឹងផ្ទៃការ៉េ… ប្រហែលជាតូចជាងនេះទៅទៀត” ប៉ុន្តែលោកបានបន្ថែមថាវាអាចនឹងផ្លាស់ប្តូរក្នុងពេលឆាប់ៗ។

កាសែត Financial Times បានរាយការណ៍ កាលពីថ្ងៃសុក្រដោយដកស្រង់សម្តីមន្ត្រីអឺរ៉ុបដែលបានធ្វើបទបង្ហាញស្តីពី បញ្ហាថា នៅក្នុងការសន្ទនា តាមទូរស័ព្ទនាពេលថ្មីៗនេះ ជាមួយនាយករដ្ឋមន្ត្រី ដាណឺម៉ាក លោក Mette Frederiksen លោក ត្រាំ “រឹងមាំ” ក្នុងការជំរុញ ឱ្យប្រទេសដាណឺម៉ាក បោះបង់ការគ្រប់គ្រងលើ Greenland ដោយធ្វើឱ្យជនជាតិដាណឺម៉ាក “មានការភ័យខ្លាចជាខ្លាំង” ។

Greenland ដែលជាទឹកដីស្វយ័តរបស់ដាណឺម៉ាក បានទទួលការគ្រប់គ្រងជាលំនៅឋាននៅឆ្នាំ ១៩៧៩ ។ កោះអាកទិកមានប្រជាជនប្រហែល ៦ម៉ឺននាក់ និងមានមូលដ្ឋានទ័ពអាមេរិក Pituffik ។

មេដឹកនាំដែលគាំទ្រឯករាជ្យរបស់ Greenland និងមន្ត្រីដាណឺម៉ាកបានបង្ហាញជំហររឹងមាំ ក្នុងការបដិសេធសំណើរបស់លោក ដូណាល់ ត្រាំ ដើម្បីទិញយកតំបន់ Greenland ។ ខណៈពេលដែល Frederiksen ត្រូវបានគេរាយការណ៍ថា បានស្នើឱ្យពង្រីកវត្តមានយោធា របស់សហរដ្ឋអាមេរិក នៅលើកោះនេះ និងធ្វើឱ្យកិច្ចសហប្រតិបត្តិការ ស៊ីជម្រៅលើអាជីវកម្មរ៉ែ ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top