បរទេស ៖ សារព័ត៌មាន Bloomberg បានរាយការណ៍ កាលពីថ្ងៃអាទិត្យ ដោយដកស្រង់ ប្រភពអនាមិកថា សមាជិកអង្គការណាតូ នឹងចែករំលែកផែនការលទ្ធកម្ម ដែលបានចាត់ថ្នាក់ជាមួយក្រុមហ៊ុនផលិត សព្វាវុធក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកទឹកចិត្តដល់ការបង្កើន សមត្ថភាពឧស្សាហកម្ម ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា របាយការណ៍បានអះអាងថា គំនិតផ្តួចផ្តើម ដែលត្រូវបានរាយការណ៍ថា ដឹកនាំដោយអគ្គលេខាធិកាលោក Mark Rutte តម្រូវឱ្យមានការឯកភាពគ្នាក្នុងចំណោមប្រទេសក្នុងប្លុកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិក ហើយអាចនឹងត្រូវ បានអនុវត្តក្នុងរយៈពេលប៉ុន្មានខែ ។ ប្រភពបាននិយាយថា នៅក្រោមការពិចារណាផងដែរ គឺការចែករំលែកស្តង់ដារយោធា ដែលបានចាត់ថ្នាក់ជាមួយបណ្តាប្រទេស សហភាពអឺរ៉ុបដែលមិនមែនជាអង្គការណាតូ ដើម្បីធ្វើឱ្យប្រសើរឡើង នូវអន្តរប្រតិបត្តិការនៃកងទ័ព ។
អង្គការនេះកំពុងស្វែងរក “វិធី នៃការបញ្ចេញនូវគោលដៅសរុបមួយចំនួន ក្នុងទម្រង់ដែលអាចត្រូវបានចែករំលែកដោយសុវត្ថិភាព ដើម្បីបញ្ចុះបញ្ចូលក្រុមហ៊ុន ឱ្យបង្កើនសមត្ថភាពផលិតកម្ម” នេះបើយោង តាមរបាយការណ៍។
មន្ត្រីអង្គការណាតូ និងសហភាពអឺរ៉ុប បាននឹងកំពុងអំពាវនាវ ឱ្យមានការបង្កើនការចំណាយ លើវិស័យការពារជាតិ និងការផលិតសព្វាវុធនៅក្នុងទ្វីបអឺរ៉ុប ដែលទំនងជាសម្រាប់ការ រារាំងដល់ប្រទេសរុស្ស៊ី។ ប្រធានគោលនយោបាយការបរទេស របស់សហភាពលោក Kaja Kallas បានសង្កត់ធ្ងន់លើភាព បន្ទាន់កាលពីសប្តាហ៍មុនដោយអះអាងថា “យើងបានចំណាយ ប្រាក់រាប់ពាន់លានដុល្លារលើសាលារៀន សុខុមាលភាព ការថែទាំសុខភាព ប៉ុន្តែប្រសិនបើយើងមិន វិនិយោគបន្ថែមទៀត លើវិស័យការពារជាតិទេ ទាំងអស់នេះសុទ្ធតែមានហានិភ័យ”៕
ប្រែសម្រួលៈ ណៃ តុលា