ទីក្រុង Sodertalje ៖សារព័ត៌មានក្នុងស្រុក បានរាយការណ៍ថា ជនភៀសខ្លួនអ៊ីរ៉ាក់ ដែលបានដុតច្បាប់ ចម្លងគម្ពីរគូរ៉ាជាសាធារណៈ ត្រូវបានគេបាញ់សម្លាប់នៅផ្ទះល្វែងរបស់លោក ក្នុងទីក្រុង Sodertalje ប្រទេសស៊ុយអែត អំឡុងពេលលោកកំពុងផ្សាយ ផ្ទាល់នៅលើប្រព័ន្ធផ្សព្វផ្សាយ សង្គម ហើយការសម្លាប់លោក Salwan Momika ត្រូវបានគេ និយាយថា បានកើតឡើងនៅថ្ងៃពុធមួយថ្ងៃ មុនពេលលោកត្រូវបានគេគ្រោង នឹងបង្ហាញខ្លួននៅតុលាការ លើការចោទប្រកាន់ពីបទស្អប់ខ្ពើម ។
លោក Momika ជាកាន់សាសនាកាតូលិកជនជាតិស៊ីរី ដែលបានមកប្រទេសស៊ុយអែតឆ្នាំ ២០១៨ ទទួលបានការចាប់អារម្មណ៍ ពីអន្តរជាតិដោយធ្វើបាតុកម្មដុត គម្ពីគូរ៉ាជាច្រើននៅប្រទេស Nordic ដោយបង្កឲ្យមានការតវ៉ាក្នុងប្រទេស ដែលភាគច្រើនកាន់សាសនាអ៊ីស្លាម។
ការតវ៉ារបស់លោកបានចាប់ផ្តើមនៅឆ្នាំ ២០២៣ បានបង្កឲ្យមានភាពតានតឹង ផ្នែកការទូតរវាងប្រទេសស៊ុយអែត និងប្រទេសនានា រួមទាំងអ៊ីរ៉ាក់ តួកគី និងប៉ាគីស្ថាន។ រដ្ឋាភិបាលអ៊ីរ៉ាក់បានទាមទារការធ្វើបត្យាប័នរបស់លោក ហើយអាជ្ញាធរស៊ុយអែត បានចាប់ផ្តើមដំណើរការនិរទេសប្រឆាំងនឹងលោកនៅឆ្នាំ ២០២៣ ។
ប៉ូលិសស៊ុយអែតបានបញ្ជាក់ថា ការវាយប្រហារកាលពីថ្ងៃពុធ ត្រូវបានគេរាយការណ៍ថា បានកើតឡើងនៅពេលបុរសអាយុ ៣៨ ឆ្នាំកំពុងផ្សាយបន្តផ្ទាល់នៅលើ Tiktok ។ ពួកគេបានចាប់ខ្លួន មនុស្ស៥នាក់ ពាក់ព័ន្ធនឹងការសម្លាប់នេះ ប៉ុន្តែមិនបានបង្ហាញពីព័ត៌មាន លម្អិតអំពីអត្តសញ្ញាណ ឬហេតុផលរបស់ជនសង្ស័យនោះទេ ។ អ្នកស៊ើបអង្កេតត្រូវបានគេនិយាយថា កំពុងធ្វើការដើម្បីកំណត់ថា តើការបាញ់ប្រហារនោះមាន ហេតុផលនយោបាយ ឬសាសនា ។
តាមការកត់សម្គាល់ដោយប្រព័ន្ធ ផ្សព្វផ្សាយ លោក Momika ត្រូវបានគេសន្មត់ថានឹងបង្ហាញខ្លួន នៅចំពោះមុខតុលាការនៅថ្ងៃព្រហស្បតិ៍ សម្រាប់ការកាត់ទោសក្នុងសំណុំរឿងមួយ ស្តីពីការញុះញង់ប្រឆាំងនឹងក្រុមជនជាតិមួយ សម្រាប់ការរៀបចំការដុតគម្ពីគូរ៉ាចំនួន ៤ ។
តុលាការស្រុក Stockholm បាននិយាយថា ចាប់តាំងពីវាត្រូវបានបញ្ជាក់ថា ចុងចោទម្នាក់ក្នុងចំណោមជនជាប់ចោទបានស្លាប់ ការកាត់ទោសត្រូវតែកែតម្រូវទៅ តាមការពិតដែលថា វាមិនអាចកាត់ទោសអ្នកស្លាប់បានទេ៕