វ៉ាស៊ីនតោន៖ អាជ្ញាធរអាមេរិកបានឲ្យដឹងថា ពួកគេជឿថាមិនមានអ្នកនៅរស់ទេនៅក្នុងការប៉ះទង្គិចគ្នាកណ្តាលអាកាសនៅជិតទីក្រុងវ៉ាស៊ីនតោនរវាងយន្តហោះពាណិជ្ជកម្មដឹកមនុស្ស ៦៤នាក់និងឧទ្ធម្ភាគចក្រយោធាដោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងសារនយោបាយភ្លាមៗចំពោះឧបទ្ទវហេតុនេះដោយបន្ទោសអ្នកកាន់តំណែងពីគណបក្សប្រជាធិបតេយ្យទាំងពីររបស់លោក។
លោក ត្រាំ បានប្រាប់សន្និសីទសារព័ត៌មានមួយនៅឯសេតវិមានថា “គួរឱ្យសោកស្តាយណាស់ មិនមានអ្នកនៅរស់ទេ” លោក ត្រាំ បានប្រាប់សន្និសីទសារព័ត៌មានមួយនៅសេតវិមាន បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះត្រូវបានប្តូរទៅបេសកកម្មសង្គ្រោះនៅទន្លេ Potomac បន្ទាប់ពីធ្លាក់កាលពីយប់ថ្ងៃពុធ ដែលពាក់ព័ន្ធនឹងជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក និងឧទ្ធម្ភាគចក្រ ដែលមានអ្នកដំណើរ ៣នាក់។
ដំបូងឡើយ លោក ត្រាំ បានចែករំលែកទុក្ខដល់ក្រុមគ្រួសារនៃអ្នកស្លាប់ក្នុងឧបទ្ទវហេតុនេះ ដែលក្នុងនោះយន្តហោះ Bombardier CRJ700 ក្នុងតំបន់មកពី Kansas និងឧទ្ធម្ភាគចក្រ Black Hawk នៅលើជើងហោះហើរហ្វឹកហាត់ទាំងពីរបានធ្លាក់ចូលទៅក្នុងទន្លេទឹកកក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
ប៉ុន្តែលោក ត្រាំ បានបន្តលើកឡើងថា “យើងមិនដឹងថាអ្វីដែលនាំឱ្យមានការធ្លាក់យន្តហោះនេះទេ ប៉ុន្តែយើងមានមតិ និងគំនិតខ្លាំងមួយចំនួន” ហើយបានចាប់ផ្តើមចោទប្រកាន់ថា ស្តង់ដារសម្រាប់ការជួលការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសបានក្លាយទៅជាមានភាពធូររលុងក្នុងអំឡុងការគ្រប់គ្រងរបស់លោក បារ៉ាក់ អូបាម៉ា និង លោក ចូ បៃដិន។
ដោយមិនផ្តល់ភ័ស្តុតាងណាមួយឡើយ លោក ត្រាំ ដែលបានត្រលប់ទៅសេតវិមានសម្រាប់អាណត្តិទីពីរមិនជាប់គ្នាកាលពី ១០ថ្ងៃមុន បានលើកឡើងថា តម្រូវការភាពចម្រុះដែលត្រូវបានផ្សព្វផ្សាយដោយអតីតប្រធានាធិបតីប្រជាធិបតេយ្យ និងអនុវត្តដោយរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាចដើរតួក្នុងការធ្លាក់យន្តហោះនេះ។
ទោះបីជាការស៊ើបអង្កេតលើមូលហេតុនៃឧប្បត្តិហេតុនេះទើបតែបានចាប់ផ្តើមក៏ដោយ ប៉ុន្តែលោក ត្រាំ បានអះអាងថា រដ្ឋបាលអាកាសចរណ៍សហព័ន្ធ គឺ “ជ្រើសរើសយ៉ាងសកម្មនូវកម្មករដែលទទួលរងនូវពិការភាពបញ្ញាធ្ងន់ធ្ងរ បញ្ហាផ្លូវចិត្ត និងស្ថានភាពផ្លូវចិត្ត និងរាងកាយផ្សេងទៀត ក្រោមគំនិតផ្តួចផ្តើមជួលភាពចម្រុះ និងការដាក់បញ្ចូល” ដោយនិយាយថាការរិះគន់របស់លោកគឺផ្អែកលើ “សុភវិនិច្ឆ័យ”៕
ប្រែសម្រួល ឈូក បូរ៉ា