ព័ត៌មានអន្តរជាតិ

Honda និង Nissan នឹងប្រកាសព័ត៌មាន លម្អិតអំពីការច្របាច់ បញ្ចូលគ្នា នៅពាក់កណ្តាលខែកុម្ភៈ

kyodo

តូក្យូ ៖ នេះបើតាមសារព័ត៌មាន Kyodo បានដកស្រង់សម្តីមន្ត្រីក្រុមហ៊ុនបាននិយាយកាលពីថ្ងៃសុក្រថា ក្រុមហ៊ុនផលិតរថយន្តយក្សជប៉ុន Honda Motor Co និង Nissan Motor Co គ្រោងនឹងបង្ហាញព័ត៌មានលម្អិត នៃការរួមបញ្ចូលគ្នា ដែលបានគ្រោងទុក នៅពាក់កណ្តាលខែកុម្ភៈ យោងតាមការចេញ ផ្សាយពីគេហទំព័រ China Daily ។

ក្រុមហ៊ុនផលិតរថយន្តទាំង២ ដែលជាក្រុមហ៊ុនផលិត រថយន្តធំជាងគេទី២ និងទី៣របស់ប្រទេសជប៉ុន បានប្រកាសកាលពីមុនថា គ្រោងនឹងបញ្ចូលគ្នា នៅក្រោមក្រុមហ៊ុនកាន់កាប់នៅឆ្នាំ ២០២៦ ហើយមានគោលបំណងដំបូង ដើម្បីបង្ហាញព័ត៌មានលម្អិត បន្ថែមទៀតនៅចុងខែមករា។

យោងតាមប្រភពដែលដឹងពីបញ្ហានេះបានប្រាប់ឲ្យដឹងថា  Honda បាននឹងកំពុងជំរុញឲ្យ Nissan ពន្លឿនកិច្ចខិតខំប្រឹងប្រែងរៀបចំរចនាសម្ព័ន្ធឡើងវិញ។ នាខែវិច្ឆិកា ក្រុមហ៊ុន Nissan បានប្រកាសពីផែនការ កាត់បន្ថយបុគ្គលិកចំនួន ៩,០០០នាក់នៅទូទាំងពិភពលោក និងកាត់បន្ថយសមត្ថភាព ផលិតកម្មសកល របស់ខ្លួនចំនួន ២០ ភាគរយ បន្ទាប់ពីបានរាយការណ៍ ពីការធ្លាក់ចុះជាង ៩០ ភាគរយ នៃប្រាក់ចំណេញសុទ្ធ សម្រាប់រយៈពេល ខែមេសាដល់ខែកញ្ញា ។

ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន Mitsubishi Motors Corp ដែលជាដៃគូរបស់ក្រុមហ៊ុន Nissan បាននឹងកំពុងពិចារណាចូលរួមក្នុងការរួមបញ្ចូលគ្នានេះ ប៉ុន្តែឥឡូវនេះកំពុងងាក ទៅរកភាពឯករាជ្យដែលនៅសល់៕

Most Popular

To Top