ព័ត៌មានអន្តរជាតិ

ប្រទេសជប៉ុន បានបាញ់បង្ហោះផ្កាយរណប រុករកជាមួយគ្រាប់រ៉ុក្កែតថ្មី របស់ខ្លួនដោយជោគជ័យ

kyodo

តូក្យូ ៖ ទីភ្នាក់ងារអវកាសរបស់ប្រទេសជប៉ុន បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានបាញ់បង្ហោះផ្កាយរណបរុករក ដោយជោគជ័យនៅលើរ៉ុក្កែត H3 ថ្មីរបស់ខ្លួន ខណៈប្រទេសនេះ ស្វែងរកប្រព័ន្ធកំណត់ទីតាំងច្បាស់លាស់ជាង របស់ខ្លួន យោងតាមការចេញផ្សាយ ពីគេហទំព័រ Japan Today ។

រ៉ុក្កែត H3 ដឹកផ្កាយរណប Michibiki 6 ចេញពីមជ្ឈមណ្ឌលអវកាស Tanegashima នៅលើកោះភាគនិរតីនៃប្រទេសជប៉ុន។ លោក Makoto Arita អ្នកគ្រប់គ្រងគម្រោង H3 នៃទីភ្នាក់ងាររុករកអវកាសជប៉ុន ឬ JAXA បាននិយាយថា អ្វីគ្រប់យ៉ាងបានដំណើរ ការទៅដោយរលូន ហើយផ្កាយរណបបានបំបែកចេញ ពីរ៉ុក្កែតដោយជោគជ័យ តាមការគ្រោងទុកប្រហែល ២៩ នាទីបន្ទាប់ពីការ បាញ់បង្ហោះ។

ក្រុមមន្ត្រីបានបន្តថា វាត្រូវបានគេរំពឹងថា នឹងឈានដល់គន្លងភូមិសាស្ត្រគោលដៅរបស់ខ្លួន ក្នុងរយៈពេលប្រហែល២សប្តាហ៍។ បច្ចុប្បន្នប្រទេសជប៉ុន មានប្រព័ន្ធផ្កាយរណប quasi-zenith ឬ QZSS ជាមួយនឹងផ្កាយរណបចំនួន ៤ សម្រាប់ប្រព័ន្ធរុករក ក្នុងតំបន់បានដំណើរការ ជាលើកដំបូងនាឆ្នាំ ២០១៨ ។ Michibiki 6 នឹងក្លាយជាបណ្តាញទី  ៥ របស់វា ។

សញ្ញារបស់ Michibiki ត្រូវបានប្រើដើម្បីបំពេញបន្ថែម GPS របស់អាមេរិក ហើយនឹងធ្វើឲ្យប្រសើរឡើងបន្ថែមទៀតនូវទិន្នន័យទីតាំងសម្រាប់ស្មាតហ្វូន ការធ្វើដំណើរតាមសមុទ្រ និងយន្តហោះគ្មានមនុស្សបើក។

នេះបើតាមទីភ្នាក់ងារវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជប៉ុនថា ប្រទេសជប៉ុន គ្រោងនឹងបាញ់បង្ហោះផ្កាយរណបរុករក ចំនួន ២ បន្ថែមទៀត ដើម្បីឲ្យមានប្រព័ន្ធផ្កាយរណបចំនួន ៧ នៅខែមីនា ឆ្នាំ២០២៦ ដោយមានសមត្ថភាពកំណត់ទីតាំង សកលកាន់ តែច្បាស់លាស់ ដោយមិនពឹងផ្អែកលើសេវាកម្មបរទេស រួមទាំងអាមេរិក ។ នៅចុងទស្សវត្សរ៍ឆ្នាំ ២០៣០ ប្រទេសជប៉ុនគ្រោងនឹង មានបណ្តាញផ្កាយរណបចំនួន ១១ ។

ការបាញ់បង្ហោះ កាលពីថ្ងៃអាទិត្យបានពន្យារពេលមួយថ្ងៃ ដោយសារអាកាសធាតុ គឺជាជើងហោះហើរជោគជ័យលើកទីបួនជាប់ៗគ្នាសម្រាប់ប្រព័ន្ធ H3 បន្ទាប់ពីការប៉ុនប៉ងដំបូងដែលបរាជ័យដ៏គួរឲ្យភ្ញាក់ផ្អើល កាលពីឆ្នាំមុន នៅពេលរ៉ុក្កែតត្រូវបំផ្លាញ ជាមួយនឹងបន្ទុករបស់វា។

ប្រទេសជប៉ុនមើលឃើញថា សមត្ថភាពដឹកជញ្ជូនអវកាសប្រកបដោយស្ថិរភាព និងប្រកួតប្រជែងជាគន្លឹះនៃកម្មវិធីអវកាស និងសន្តិសុខជាតិរបស់ខ្លួន ហើយកំពុងអភិវឌ្ឍរ៉ុក្កែតថ្មី ចំនួន២ ជាអ្នកស្នងតំណែង នៃស៊េរី H2A ដែលជាស៊េរី H3 ធំជាង និងប្រព័ន្ធ Epsilon តូចជាង។ វាសង្ឃឹមថា នឹងបំពេញតម្រូវការអតិថិជនចម្រុះ និងលើកកម្ពស់ទីតាំងរបស់ខ្លួនក្នុងទីផ្សារការបាញ់បង្ហោះ ផ្កាយរណបដែលកំពុងកើនឡើង៕

Most Popular

To Top