ប៊ូសាន៖ អាជ្ញាធរ បានបើកការស៊ើបអង្កេតរួមគ្នា លើយន្តហោះ Air Busan ដែលបានឆេះនៅថ្ងៃចន្ទនេះ មួយសប្តាហ៍បន្ទាប់ ពីយន្តហោះបានឆេះ នៅអាកាសយានដ្ឋាន កូរ៉េខាងត្បូង មិនយូរប៉ុន្មានមុនពេលហោះឡើង ដោយជំរុញឱ្យអ្នកដំណើរ ធ្វើការចាកចេញជាបន្ទាន់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។
ក្រសួងដឹកជញ្ជូន រួមជាមួយនឹងការិយាល័យស៊ើបអង្កេត និងវិភាគសុវត្ថិភាពអាកាសចរណ៍ស៊ីវិល ទីភ្នាក់ងារបារាំង ដែលទទួលខុសត្រូវលើការ ស៊ើបអង្កេតបច្ចេកទេស នៃគ្រោះថ្នាក់អាកាសចរណ៍ស៊ីវិល និងភ្នាក់ងារផ្សេងទៀត កំពុងធ្វើការស៊ើបអង្កេតរួមគ្នា នៅអាកាសយានដ្ឋានអន្តរជាតិ Gimhae ក្នុងទីក្រុងប៊ូសាន ចម្ងាយ ៣២៣គីឡូម៉ែត្រភាគអាគ្នេយ៍ នៃទីក្រុងសេអ៊ូល។
មន្ត្រីបានឲ្យដឹងថា មានមនុស្សមិនច្រើនទេ ដែលត្រូវបានអនុញ្ញាតនៅខាងក្នុងតួយន្តហោះ ដោយសារតែការព្រួយ បារម្ភអំពីសុវត្ថិភាព ដោយកត់សម្គាល់ ពីសេវាកោសល្យវិច្ច័យជាតិ និងប៉ូលីសកំពុងប្រមូល សំណាកនៅខាងក្នុងយន្តហោះ ។ យន្តហោះ Air Busan ដែលធ្វើដំណើរ ទៅកាន់ទីក្រុងហុងកុង បានឆាបឆេះ នៅព្រលានយន្តហោះ មុនពេលហោះឡើង កាលពីថ្ងៃអង្គារសប្តាហ៍មុន ។ មនុស្ស ១៧៦នាក់ នៅលើយន្តហោះ ត្រូវបានជម្លៀសដោយសុវត្ថិភាព ដោយប្រើស្លាយរត់គេចខ្លួន ទោះបីជា មានមនុស្ស ៧នាក់បានរងរបួសស្រាលក៏ដោយ។
មូលហេតុ នៃការឆាបឆេះនេះ មិនទាន់អាចកំណត់ បាននៅឡើយទេ ទោះបីជាអ្នកដំណើរ និងសមាជិកនាវិក មួយចំនួនបានលើកឡើង ពីលទ្ធភាព ដែលវាត្រូវបានចាប់ផ្តើមដោយថ្មចល័ត ឬរបស់របរផ្សេងទៀត ដែលផ្ទុកនៅក្នុងធុងខាងលើក៏ដោយ ។ ការស៊ើបអង្កេតត្រូវបានគេរំពឹងថា នឹងផ្តោតលើផ្នែកខាងក្រោយនៃយន្តហោះ ដែលជាកន្លែងផ្ទុកសម្ពាធក្ដៅ ៕
ប្រែសម្រួល ឈូក បូរ៉ា