បរទេស៖ អង្គភាពឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានបង្ហាញមូលដ្ឋានក្រោមដីថ្មីមួយ ដែលត្រូវបានគេរាយការណ៍ថា មានទីតាំងនៅកន្លែងណាមួយនៅលើឆ្នេរ សមុទ្រភាគខាងត្បូង របស់ប្រទេសអ៊ីរ៉ង់។ យោងតាមវីដេអូ ដែលបានចេញផ្សាយ ដោយយោធាអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍បានឱ្យដឹងថា មូលដ្ឋាននេះ ត្រូវបានគេដាក់ឈ្មោះថា ជា “ទីក្រុងមីស៊ីល” កន្លែងផ្ទុកកាំជ្រួចមីស៊ីលរាប់សិបគ្រឿង ដែលដាក់នៅលើឡាន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា វីដេអូរយៈពេលពីរនាទី បង្ហាញមេបញ្ជាការ IRGC ឧត្តមសេនីយឯក Hossein Salami និងមេទ័ពជើងទឹក ឧត្តមនាវីឯក Alireza Tangsiri ត្រួតពិនិត្យបណ្តាញផ្លូវរូងក្រោមដីដែលឧបករណ៍បាញ់ មីស៊ីលចល័តកំពុងតាំងនៅ។
យោងតាមលោក Tangsiri មូលដ្ឋាននេះគឺជាកន្លែងសម្រាប់កាំជ្រួច Cruise Qadr 380 របស់អ៊ីរ៉ង់ ដែលអាចដាក់ពង្រាយ និងបាញ់បង្ហោះក្នុងរយៈពេលតិចជាងប្រាំនាទី។ ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ IRNA បានរាយការណ៍ថា មីស៊ីលទាំងនេះមាន បាញ់បានរយៈចម្ងាយជាង ១.០០០០ គីឡូម៉ែត្រ ហើយត្រូវបានបំពាក់ ដោយប្រព័ន្ធប្រឆាំងការការពារ ដើម្បីទប់ទល់នឹង សង្គ្រាមអេឡិចត្រូនិក។
យោងតាម IRNA បានឱ្យដឹងថា កន្លែងតាំងបង្ហាញ កាលពីថ្ងៃសៅរ៍នេះ គឺជាមូលដ្ឋានទីបី នៅក្នុងប្រទេសអ៊ីរ៉ង់។ នៅពាក់កណ្តាលខែមករា កងទ័ពជើងទឹក IRGC បានបង្ហាញមូលដ្ឋាន មីស៊ីលប្រឆាំងនាវា ក្រោមដីមួយទៀត នៅតាមបណ្តោយឆ្នេរសមុទ្រ នៃឈូងសមុទ្រពែក្ស។ កន្លែងស្រដៀងគ្នានេះ ត្រូវបានបង្ហាញ ពីមុនដោយកងកម្លាំងអាកាស IRGC កាលពីថ្ងៃទី១០ ខែមករា ទោះបីជាទីតាំងពិតប្រាកដ របស់វាមិនត្រូវបានបង្ហាញក៏ដោយ៕
ប្រែសម្រួលៈ ណៃ តុលា