កូរ៉េខាងត្បូង ៖ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូង Kakao នៅថ្ងៃអង្គារ បានប្រកាសភាពជាដៃគូជាមួយ OpenAI ដើម្បីប្រើប្រាស់ ChatGPT លើសេវា កម្មបញ្ញា សិប្បនិម្មិត (AI) ថ្មីរបស់ខ្លួន ដោយចូលរួម ជាមួយសម្ព័ន្ធភាព សកល ដែលដឹកនាំ ដោយក្រុមហ៊ុន AI របស់អាមេរិក ចំពេលមានការប្រកួតប្រជែង កាន់តែខ្លាំងនៅលើទីផ្សារ AI សកល នេះយោងតាមការចេញ ផ្សាយពីគេហទំព័រ Korea Times ។
នាយកប្រតិបត្តិ របស់ Kakao លោកស្រី Chung Shin-a បាននិយាយក្នុងអំឡុងព្រឹត្តិការណ៍ សារព័ត៌មាននៅ ទីក្រុងសេអ៊ូលថា ខ្ញុំរីករាយក្នុងការចែករម្លែកភាព ជាដៃគូរបស់យើងជាមួយ OpenAI ជាផ្នែកមួយនៃមហិច្ឆតា របស់យើង សម្រាប់ការច្នៃប្រឌិតថ្មី និង ការឈានទៅមុខតាមរយៈ AI នៅឆ្នាំ ២០២៥ ។ លោកស្រីបានបន្ថែមថា យើងកំពុងសហការ បង្កើតសេវាកម្ម AI សម្រាប់អ្នកប្រើប្រាស់ ៥០ លាននាក់របស់ Kakao ។
ការសហការគ្នាជាមួយ Kakao ហាក់ដូចជាជាផ្នែកមួយ នៃការផ្លាស់ប្តូរសម្ព័ន្ធភាពយុទ្ធសាស្ត្ររបស់ OpenAI នៅពេល ឧស្សាហកម្ម AI សកលកំពុងមានការផ្លាស់ប្តូររញ្ជួយ ជាពិសេសបន្ទាប់ពីការបើកដំណើរការថ្មីនៃម៉ូដែលថ្មីបំផុតរបស់ DeepSeek ជាក្រុមហ៊ុន AI របស់ចិន។
ការប្រកាសនៃភាព ជាដៃគូនេះបានកើតឡើង នៅពេលស្ថាបនិក និងជានាយកប្រតិបត្តិ OpenAI លោក Sam Altman កំពុងធ្វើទស្សនកិច្ចនៅទីក្រុងសេអ៊ូលសម្រាប់ព្រឹត្តិការណ៍ដែលរៀបចំដោយ OpenAI សម្រាប់អ្នកចាប់ផ្តើមអាជីវកម្ម និងអ្នកអភិវឌ្ឍន៍ AI ក្នុងស្រុក៕