ព័ត៌មានអន្តរជាតិ

SoftBank និង OpenAI យល់ព្រមបង្កើត ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា សម្រាប់សេវាកម្ម AI

Japatoday

តូក្យូ៖នាយកប្រតិបត្តិក្រុមហ៊ុន SoftBank Group លោក Masayoshi Son បាននិយាយកាលពីថ្ងៃចន្ទថា ក្រុមហ៊ុនវិនិយោគ បច្ចេកវិទ្យារបស់លោក និង ក្រុមហ៊ុនបញ្ញាសិប្បនិមិត្ត OpenAI ដែលជាអ្នកបង្កើត Chatbot ChatGPT បានយល់ព្រមបង្កើត ក្រុមហ៊ុន បណ្តាក់ទុនរួមគ្នា ដើម្បីលើកកម្ពស់សេវាកម្ម AI សម្រាប់សាជីវកម្ម យោងតាមការ ចេញផ្សាយ ពីគេហទំព័រ Japan Today ។

លោក Son បាននិយាយក្នុងសុន្ទរកថានៅព្រឹត្តិការណ៍ មួយនៅទីក្រុងតូក្យូថា ក្រុមហ៊ុនបណ្តាក់ទុន ៥០-៥០ ថ្មីមានឈ្មោះថា SB OpenAI Japan នឹងប្រើប្រាស់ទិន្នន័យយ៉ាងច្រើន ដែលរក្សាទុកក្នុងប្រព័ន្ធរបស់ក្រុមហ៊ុនអតិថិជន និងផ្តល់ជូននូវដំណោះស្រាយ គ្រប់គ្រងដ៏ល្អប្រសើរ។

លោក Son បានបន្តថា យើងនឹងចាប់ផ្តើម ពីប្រទេសជប៉ុន នូវសេវាកម្ម AI កម្រិតខ្ពស់ដំបូងគេរបស់ពិភពលោក សម្រាប់សាជីវកម្មធំ ដោយបន្ថែមថាពួកគេមាន គម្រោងពង្រីកការប្រើប្រាស់ AI នាពេលអនាគតដល់រដ្ឋាភិបាល និងផ្នែកផ្សេងទៀត ដូចជាផ្នែកវេជ្ជសាស្រ្ត និងអប់រំ។

ក្រោយមកនៅថ្ងៃនោះ លោក Son បានជួបនាយករដ្ឋមន្ត្រីជប៉ុន Shigeru Ishiba នៅការិយាល័យនាយករដ្ឋមន្ត្រី ដើម្បីរាយការណ៍ពីការផ្លាស់ប្តូរចុងក្រោយនេះ ដោយសារតែការប្រកួតប្រជែង ជាមួយប្រទេសចិន ក្នុងការអភិវឌ្ឍន៍ AI កាន់តែមានការកើនឡើង ។ chatbot របស់ DeepSeek ជាក្រុមហ៊ុនចាប់ផ្តើមដំបូង របស់ចិនថ្មីៗនេះ បានទាក់ទាញចំណាប់ អារម្មណ៍ទូទាំងពិភពលោកយ៉ាងខ្លាំង។

លោក Ishiba បាននិយាយក្នុងកិច្ចប្រជុំនេះថា យើងនឹងចាត់វិធានការដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងអាមេរិកលើបញ្ញាសិប្បនិម្មិត។ ចំណែកលោក Sam Altman ជាប្រធាន OpenAI បានជួប Ishiba រួមជាមួយនឹងលោក Son បានប្រាប់អ្នកយក ព័ត៌មាន បន្ទាប់ពីការប្រមូលផ្តុំថា ខ្ញុំគិតថា នេះនឹងក្លាយជាជំហានមួយ ដែលពិតជាអនុញ្ញាត ឱ្យយើងនាំយក AI កម្រិតខ្ពស់ទៅកាន់ទីផ្សារជប៉ុន ។

ក្រុមហ៊ុនទាំង២បាននិយាយកាលពីខែមុនថា ពួកគេនឹងបង្កើតក្រុមហ៊ុនថ្មីមួយ ជាមួយក្រុមហ៊ុន Oracle Corp នឹងវិនិយោគយ៉ាងហោចណាស់ ៥០០ ពាន់លានដុល្លារក្នុងហេដ្ឋារចនាសម្ព័ន្ធ AI នៅអាមេរិកក្រោមគម្រោង Stargate ។ គំនិតផ្តួចផ្តើមរបស់អាមេរិក បានប្រកាសនៅចំពោះមុខលោកប្រធានាធិបតី Donald Trump ក្នុងសន្និសីទសារព័ត៌មាន នៅសេតវិមាន មានបំណងសាងសង់មជ្ឈមណ្ឌល ទិន្នន័យទំនើបដ៏ធំនៅក្នុងសហរដ្ឋអាមេរិក ដើម្បីពន្លឿនការអភិវឌ្ឍន៍ AI នេះបើយោងតាមក្រុមហ៊ុន។

SB OpenAI Japan ជាកំណែជប៉ុន នៃគម្រោង Stargate លោក Son បាននិយាយថា SoftBank នឹងក្លាយជាអតិថិជន ដំបូង របស់បណ្តាក់ទុន ហើយចំណាយប្រហែល ៣ ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ដើម្បីប្រើប្រាស់សេវាកម្ម នៅទូទាំងក្រុមរបស់ខ្លួន រួមមានប្រតិបត្តិករ សេវាទូទាត់ប្រាក់តាមទូរស័ព្ទ PayPay Corp ៕

Most Popular

To Top