ថៃ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា រាជិនីសម្រស់ថៃ-អង់គ្លេស នាង Char lotte Austin ត្រូវបានឆបោកទឹកប្រាក់អស់ចំនួន ៤ លានបាតស្មើនឹង ១១៨ ០០០ ដុល្លារអាមេរិក ដោយមជ្ឈមណ្ឌលហៅទូរស័ព្ទជំនួយប្រើប្រាស់ប្រព័ន្ធ AI ខណៈបុរសជនជាតិថៃ ២ នាក់ក៏ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ថា បានចូលរួមក្នុងប្រតិបត្តិការនេះដែរ។
កាសែត South China Morning Post បានរាយការណ៍ថា បុរសទាំងនោះមានអាយុ ៣១ ឆ្នាំ លោក Ramil Panta wong និងលោក Thanawut Kanyaphanthe អាយុ ២៨ ឆ្នាំត្រូវបានចាប់ខ្លួនក្នុងស្រុក ២ ផ្សេងគ្នារបស់ប្រទេសថៃកាលពីថ្ងៃអាទិត្យ និងថ្ងៃចន្ទ។ ពួកគេត្រូវបានគេចោទប្រកាន់ថា បានចូលរួមក្នុងបណ្តាញឆបោកមនុស្ស៥០នាក់នៅអគារមួយក្នុងប្រទេសជិតខាង។
នេះបើតាមសារព័ត៌មាន Philippine Star បានដកស្រង់សម្តីនាង Austin បាននិយាយថា នាងបានទទួលការហៅទូរស័ព្ទមួយកាលពីខែធ្នូឆ្នាំមុន ជាកន្លែងដែលអ្នកហៅចូលនោះមានឋានៈជាសមាជិកមកពីនាយកដ្ឋានស៊ើបអង្កេតពិសេស។ ពួកគេបាននិយាយថា នាង Austin ជាប់ពាក់ព័ន្ធនឹងករណីលាងលុយកខ្វក់ ហើយបានស្នើសុំឲ្យនាងផ្ញើប្រាក់ចំនួន ៤លានបាត ដើម្បីបញ្ជាក់ភាពគ្មានកំហុសរបស់នាង។ លុយទាំងនោះមិនត្រូវបានគេប្រគល់ជូននាងវិញទេ។
លោក Ramil និងលោក Thanawut បាននិយាយថា ពួកគេត្រូវបានជ្រើសរើសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីក្លាយជាអ្នកគ្រប់គ្រងគេហទំព័រល្បែង។ ទោះបីជាយ៉ាងណាក៏ដោយ នៅពេលពួកគេមកដល់ប្រទេសជិតខាង ទូរស័ព្ទ និងលិខិតឆ្លងដែនរបស់ពួកគេត្រូវបានដកហូត ហើយពួកគេត្រូវបានបង្ខំឲ្យធ្វើការនៅមជ្ឈមណ្ឌលឆបោក។
លោក Jiraphop Bhuridej ស្នងការនៃការិយាល័យស៊ើបអង្កេតកណ្តាលបាននិយាយថា បណ្តាញបោកប្រាស់បានកំណត់គោលដៅមនុស្សយ៉ាងហោចណាស់ ១៦៣ នាក់ ដោយក្លែងបន្លំជាមន្ត្រីថៃ និងបោកបញ្ឆោតជនរងគ្រោះឲ្យផ្ញើប្រាក់ឲ្យពួកគេ ។ លោកបានបន្ថែមថា AI ត្រូវបានប្រើដើម្បីផ្លាស់ប្តូរមុខរបស់អ្នកបោកប្រាស់ក្នុងអំឡុងពេលហៅជាវីដេអូ
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)