ព័ត៌មានអន្តរជាតិ

ប្រធានអាកាសធាតុ UN៖ ប្រទេសនានាបន្តប្តេជ្ញាចិត្ត ចំពោះផែនការអាកាសធាតុ បន្ទាប់ពីអាមេរិកគ្រោងដើរចេញ ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស

AFP

ប្រេស៊ីល៖ មន្ត្រីអាកាសធាតុកំពូល របស់អង្គការសហប្រជាជាតិបាននិយាយថា ប្រទេសនានាកំពុងបន្តប្តេជ្ញាចិត្ត ចំពោះផែនការអាកាសធាតុជាតិរបស់ពួកគេ ហើយសម្លឹងមើលការដឹកនាំ ការផ្លាស់ប្តូរថាមពលស្អាត ខណៈអាមេរិកគ្រោងនឹង ចាកចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសមួយនេះ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។

លោក Simon Stiell លេខាធិការប្រតិបត្តិនៃអនុសញ្ញាក្របខណ្ឌ UN ស្តីពីការប្រែប្រួលអាកាសធាតុ បានដាក់ចេញនូវអាទិភាពមុនកិច្ចពិភាក្សា ស្តីពីអាកាសធាតុប្រចាំឆ្នាំក្នុងខែវិច្ឆិកា ហើយបានលើកទឹកចិត្តប្រទេសនានាឲ្យរៀបចំផែនការ អាកាសធាតុជាតិកាន់តែខ្លាំងនៅឆ្នាំនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិកថ្មី លោក Donald Trump បាននិយាយថា លោកនឹងដកអ្នកបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដ៏ធំបំផុតទី២ របស់ពិភពលោកចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

លោក Stiell បាននិយាយនៅរដ្ឋធានី Brasilia របស់ប្រទេសប្រេស៊ីលថា ប្រទេសមួយអាចនឹងដើរថយក្រោយ ប៉ុន្តែប្រទេសផ្សេងទៀតកំពុងឈានជើង ចូលកន្លែងរបស់ពួកគេរួចហើយ ដើម្បីចាប់យកឱកាស និងទទួលបានរង្វាន់ដ៏ធំគឺ កំណើនសេដ្ឋកិច្ចកាន់តែរឹងមាំ ការងារកាន់តែច្រើន ការបំពុលបរិស្ថាន និងតម្លៃសុខភាពកាន់តែទាប ថាមពលកាន់តែមានសុវត្ថិភាព និងតម្លៃសមរម្យ។

ប្រធានអាកាសធាតុរបស់អង្គការសហប្រជាជាតិបានបន្ថែមថា ការអំពាវនាវនេះគឺសម្រាប់មហិច្ឆតាធំជាងនេះ សម្រាប់ផែនការទាំងនេះដើម្បីពង្រីកសេដ្ឋកិច្ច។ ទាំងនេះនឹងក្លាយជាផែនការអាកាសធាតុ ដ៏ទូលំទូលាយបំផុតមិនធ្លាប់មានពីមុនមក ដែលជាជំនាន់ទី៣ នៃ NDCs ។ យើងនឹងអាចផ្តល់ការអត្ថាធិប្បាយ កាន់តែប្រសើរឡើងនៅពេលយើង សំយោគវាដល់ដំណាច់ឆ្នាំ។

លោក Stiell បានបញ្ជាក់ថា ក្នុងរយៈពេល ១០ ឆ្នាំចាប់តាំងពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រូវបានអនុម័ត ពិភពលោកបានបែកបាក់គ្នាកាន់តែច្រើន ប៉ុន្តែដំណើរការចរចាអាកាសធាតុ បានគ្រប់គ្រងនិន្នាការធ្លាក់ចុះ។ រដ្ឋាភិបាលមួយចំនួនបានប្រឈមមុខនឹងប្រតិកម្ម នយោបាយចំពោះគោលនយោបាយអាកាសធាតុ។ បេក្ខជនបៃតងនៅអឺរ៉ុបកំពុងបាត់បង់ការគាំទ្រ ហើយលោក Trump ជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក បានធ្វើយុទ្ធនាការប្រឆាំងនឹងរបៀបវារៈផ្តោតលើ អាកាសធាតុរបស់រដ្ឋបាលលោក Biden ។

ទោះបីជាយ៉ាងនេះក្តី លោក Stiell បានអះអាងថា ពិភពលោកបានកៀងគរថវិកា អាកាសធាតុប្រហែល២ ពាន់ពាន់លានដុល្លារ ថវិកាដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែង របស់ប្រទេសក្រីក្រដើម្បីកាត់បន្ថយការបំភាយឧស្ម័ន និងសម្របខ្លួនទៅនឹងផលប៉ះពាល់អាកាសធាតុពី “ស្ទើរតែគ្មានអ្វីសោះ” ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។ លោកបានអំពាវនាវឲ្យប្រទេសនានាបង្កើន បរិមាណហិរញ្ញប្បទានអាកាសធាតុ ដែលពួកគេបានយល់ព្រមកំណត់គោលដៅ ក្នុងកិច្ចប្រជុំកំពូលអាកាសធាតុកាលពីឆ្នាំមុនចំនួន ៣០០ ពាន់លានដុល្លារជារៀងរាល់ឆ្នាំនៅឆ្នាំ ២០៣៥ ៕

Most Popular

To Top