បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky បានបដិសេធមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដែលនឹងផ្តល់ឱ្យសហរដ្ឋអាមេរិកនូវសិទ្ធិទទួលបានរ៉ែកម្ររបស់ប្រទេសនេះឡើយ។
ការចេញផ្សាយព័ត៌មាននេះធ្វើឡើងបើតាមអ្នកយកព័ត៌មាន Washington Post លោក Josh Rogin និង Reuters បានអះអាង។
កាលពីដើមខែនេះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាក់យ៉ាងច្បាស់ថា លោកចង់ឱ្យទីក្រុង គៀវ ចំណាយលើជំនួយដែលខ្លួនបានទទួលពីទីក្រុងវ៉ាស៊ីនតោន ជាមួយនឹងធនធានធម្មជាតិរបស់ខ្លួនមួយចំនួន។
យោងតាមរបាយការណ៍វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ បានឲ្យដឹងថាប្រទេសអ៊ុយក្រែន ទទួលបានសក្តានុពលដ៏ធំធេងក្នុងនាមជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើមសំខាន់ៗជាសកល ដែលអាចជា វត្ថុធាតុដ៏ចាំបាច់ សម្រាប់វិស័យការពារជាតិ វិស័យបច្ចេកវិទ្យា និងថាមពលបៃតង។ ប្រទេសនេះមានទុនបំរុងទីតាញ៉ូម និងលីចូមដ៏ធំបំផុតរបស់អឺរ៉ុប ដែលមិនត្រូវបានចាត់ថ្នាក់ជាធាតុកម្រនៅឡើយទេ។
រដ្ឋាភិបាលទីក្រុងគៀវក៏មានសារធាតុបេរីលីញ៉ូម ម៉ង់ហ្គាណែស ហ្គាលីញ៉ូម អ៊ុយរ៉ាញ៉ូម ហ្សីកញ៉ូម ក្រាហ្វីត អាប៉ាទីត ហ្វ្លុយអូរីត និងនីកែលផងដែរឬ beryllium, manganese, gallium, uranium, zirconium, graphite, apatite, fluorite, and nickel ផងដែរ៕
ប្រែសម្រួល៖ ស៊ុនលី
