បរទេស ៖ ហ្វីលីពីន កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិជាមួយ នឹងប្រទេសប្រជាធិបតេយ្យ ដែលមានគំនិតដូចគ្នាមួយចំនួន ចំពេលមានភាពតានតឹងដែលកំពុងបន្តជាមួយចិន នៅក្នុងសមុទ្រចិន ខាងត្បូងដែលមានជម្លោះ ។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋាភិបាលទីក្រុងម៉ានីល កំពុងព្យាយាមសម្រេច កិច្ចព្រមព្រៀងការពារជាតិសំខាន់ៗ ជាមួយកាណាដា និង ប្រទេសនូវែលសេឡង់ ហើយស្វែងរកលទ្ធភាព នៃការពង្រីកសមយុទ្ធយោធារួមគ្នា ជាមួយសហរដ្ឋអាមេរិក ដែលជាដៃគូការពារដ៏សំខាន់របស់ខ្លួន។
ក្រុមអ្នកវិភាគនិយាយថា ការអភិវឌ្ឍន៍នេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងម៉ានីល ដើម្បីទប់ទល់នឹងសកម្មភាព ដែនសមុទ្រដ៏ឈ្លានពានរបស់ចិន នៅជិតតំបន់ថ្ម ប៉ប្រះទឹកដែលមានជម្លោះជាច្រើននៅក្នុងសមុទ្រចិនខាងត្បូង ដែលទីក្រុងប៉េកាំងទាមទារស្ទើរតែទាំងស្រុងថា ជាទឹកដីរបស់ខ្លួន។
លោក Collin Koh អ្នកជំនាញផ្នែកសន្តិសុខ ដែនសមុទ្រនៅសាលា S. Rajaratnam School of International Studies របស់ប្រទេសសិង្ហបុរី បាននិយាយថា “ហ្វីលីពីនកំពុងព្យាយាមបង្កើន សមត្ថភាពរបស់ពួកគេ ដើម្បីរារាំងប្រទេសចិនឱ្យបានគ្រប់គ្រាន់ ដោយដាក់ការសង្កត់ធ្ងន់ ជាច្រើនលើសន្ធិសញ្ញាការពារទៅវិញ ទៅមកជាមួយ សហរដ្ឋអាមេរិក ខណៈដែលពង្រីកបណ្តាញ នៃកិច្ចសហប្រតិបត្តិការទៅកាន់ ប្រទេសប្រជាធិបតេយ្យដែលមានគំនិតដូចគ្នា” ។
រដ្ឋមន្ត្រីការពារជាតិ ហ្វីលីពីន Gilberto Teodoro Jr. បានពណ៌នាអំពីកិច្ចព្រមព្រៀងការពារជាតិជាមួយកាណាដា និងនូវែលសេឡង់ថា ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងម៉ានីលដើម្បី “កសាង និងពង្រឹង” សម្ព័ន្ធភាពជាមួយប្រទេសដែលមានគំនិតដូចគ្នា៕
ប្រែសម្រួលៈ ណៃ តុលា
