បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានសម្រេចចិត្តបណ្តេញ ប្រធានអគ្គសេនាធិការចម្រុះ គឺលោកឧត្តមសេនីយ៍ Charles Brown ដែលជាមេបញ្ជាការ ស្បែកខ្មៅទី២ ក្នុងប្រវត្តិសាស្ត្រ ធ្លាប់កាន់តំណែងនេះ ។
គេបានដឹងថាលោកBrown គឺជាអ្នកគាំទ្រ ជាសាធារណៈនូវចលនា Black Lives Matter (BLM) តាំងតែពីនៅក្នុងឆ្នាំ២០២០ មកម្ល៉េះហើយលោក ក៏ជាសមាជិកដែលតែងតាំងដោយរដ្ឋបាល របស់លោកអតីតប្រធានាធិបតី Joe Biden ផងដែរ។
ចាប់តាំងពីចូលកាន់តំណែង ក្នុងខែមករា លោក Trump បានលុបចោលកម្មវិធីភាពចម្រុះ សមធម៌ និងការដាក់បញ្ចូល ឬហៅកាត់ថាDEI ជាច្រើនរបស់រដ្ឋបាល Biden នៅទូទាំងរដ្ឋាភិបាលសហព័ន្ធ និងក្នុងវិស័យយោធា។
គណបក្សសាធារណរដ្ឋក៏បានសម្រេចជាផ្លូវការថា មានតែពីរភេទប៉ុណ្ណោះ គឺមនុស្សប្រុសនិងស្រី ដែលនឹងអាចត្រូវទទួលស្គាល់ ដោយរដ្ឋាភិបាលអាមេរិក។
គួរឲ្យដឹងដែរថាលោក Trump បានប្រកាសពីការបណ្តេញលោក Brown នៅក្នុងការប្រកាសមួយនៅលើវេទិកា ប្រព័ន្ធផ្សព្វផ្សាយសង្គម Truth របស់គាត់កាលពីថ្ងៃសុក្រ ដោយអរគុណឧត្តមសេនីយ៍ ចំពោះការបម្រើការងារ របស់គាត់នាពេលកន្លងមក ៕
ប្រែសម្រួល៖ស៊ុនលី
