ថៃ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ស្ត្រីជនជាតិអាមេរិក អាយុ ៦៥ ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួន នៅអាកាសយានដ្ឋានអន្តរជាតិ ភូកេត កាលពីថ្ងៃអាទិត្យពីបទប៉ុនប៉ង រត់ពន្ធគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន មានទម្ងន់ជាង ៤ គីឡូក្រាមលើជើងហោះហើរ ឆ្ពោះទៅប្រទេសសិង្ហបុរី ។
យោងតាមកាសែត Bangkok Post ថា ប៉ូលីសនៅស្ថានីយ៍ Sakhu បានកំណត់គោលដៅ ពិសេសលើស្ត្រី ត្រូវបានគេស្គាល់ថា ជា Melba Sharp ជាអ្នកដំណើរដែលមានហានិភ័យខ្ពស់ ក្នុងអំឡុងពេលត្រួតពិនិត្យ អ្នកដំណើរ សម្រាប់ជើង ហោះហើរ Scoot Airways TR653 ។
សារព័ត៌មាន Phuket News បានរាយការណ៍ថា បន្ទាប់មកសមត្ថកិច្ចបាន ចុះត្រួតពិនិត្យបន្ថែមលើវ៉ាលី របស់អ្នកស្រី ជាកន្លែងដែលគេរាយការណ៍ថា បានរកឃើញសារធាតុញៀន ប្រភេទគ្រីស្តាល់ពណ៌សចំនួន ៤ លាក់ក្នុងគ្រែគេង ។ កញ្ចប់មានទម្ងន់ប្រហែល ៤,៣ គីឡូក្រាម និងត្រូវបានគេជឿថា ជាមេតំហ្វេតាមីន។
លោក Salan Santisasanakul មេប៉ូលីស Sakhu បានប្រាប់ប្រព័ន្ធ ផ្សព្វផ្សាយក្នុងស្រុកថា ការចាប់ខ្លួននេះធ្វើឡើង តាមការណែនាំដែលបង្ហាញ ពីការប៉ុនប៉ង រត់ពន្ធគ្រឿងញៀន តាមអាកាសយានដ្ឋានភូកេត ។ ការស៊ើបអង្កេតបន្ថែមកំពុងដំណើរការ៕
