១) ធ្វើការកត់ត្រាខ្លីៗ
លោក Bill Gates បានបញ្ជាក់ថា នៅរៀងរាល់ពេល ដែលលោកអានសៀវភៅ លោកតែងតែត្រូវប្រាកដ នៅក្នុងចិត្តថា លោកត្រូវតែប្រមូល អារម្មណ៍អោយមូល ដើម្បីធ្វើការប្រមូលយកទិន្នន័យ និងចំណេះដឹងថ្មីៗ ដែលមាននៅក្នុងសៀវភៅ យកមកទុកនៅក្នុងខួរក្បាល ។ ដូច្នេះសម្រាប់ រូបលោកផ្ទាល់ ដើម្បីអោយប្រាកដថា ខ្លួនរបស់លោកអាច ទទួលបាន នូវចំណេះដឹងថ្មីទាំងនោះ លោកគឺតែងតែធ្វើការកត់ត្រាខ្លីៗ ពីចំណុចសំខាន់ណាមួយ ដែលលោកចាប់អារម្មណ៍ ។
ក្នុងករណីមួយចំនួន ដែលសំណេរនៅក្នុងសៀវភៅ គឺមានភាពខុសគ្នា ចំពោះការយល់ ឃើញផ្ទាល់របស់លោក ពេលនោះលោក ត្រូវចំណាយពេលច្រើន ដើម្បីអានសៀវភៅមួយក្បាលនោះ ពីព្រោះថាលោកត្រូវធ្វើការកត់ត្រាខ្លីៗជាច្រើន ដើម្បីធ្វើការវែកញែករវាងគំណិតរបស់ខ្លួន ជាមួយនឹងអ្វីដែលមាននៅ ក្នុងសៀវភៅនោះ ។
២) បើសិនជាចាប់ផ្ដើម ដាច់ខាតត្រូវតែបញ្ចប់
នៅត្រង់ចំណុចនេះ លោកបានបញ្ជាក់ថា ប្រសិនបើលោកចាប់ ផ្ដើមអានសៀវភៅ មួយក្បាលណាហើយ លោកតែងតែកំណត់អោយខ្លួនឯង ទោះជាប្រើពេលយូរប៉ុណ្ណា ដាច់ខាតត្រូវតែបញ្ចប់ការអានសៀវភៅមួយក្បាលនោះ អោយខានតែបាន មុនពេលលោកផ្លាស់ប្ដូរ ឬចាប់ផ្ដើម ទៅអានសៀវភៅ មួយក្បាលថ្មីទៀត ។ នេះគឺជាលក្ខ័ណ្ឌ ផ្ទាល់ខ្លួនដែលលោកកំណត់ អោយខ្លួនឯងអនុវត្តន៍ ហើយវាគ្មានការ លើកលែងឡើយ ។
ត្រង់ចំណុចនេះ អ្នកទាំងអស់គ្នា ប្រាកដជាដឹងហើយថា ការអានសៀវភៅគឺមិនអាច ថ្ងៃនេះអានសៀវភៅមួយក្បាលនេះ ហើយថ្ងៃស្ងែកដូរទៅអានសៀវភៅ មួយក្បាលផ្សេងទៀត ដោយមិនបញ្ចប់សៀវភៅដំបូងនោះទេ ពីព្រោះប្រសិនបើអ្នក មិនអាចអនុវត្តន៍បែបនេះបាន នោះការអានរបស់អ្នក គឺហាក់បីដូចជាការចំណាយ ពេលឥតប្រយោជន៍ដូច្នោះដែរ ។
៣) លោកជ្រើសរើសអានសៀវភៅពិត ជាជាងអានសៀវភៅ អេឡិចត្រូនិច
សម្រាប់ខ្លួនលោកផ្ទាល់ ដោយសារតែលោកមានទម្លាប់ ជាមួយនឹងការអាន សៀវភៅពិតទៅហើយ លោកគឺចូលចិត្តអាន សៀវភៅពិត ជាជាងអានសៀវភៅអេឡិចត្រូនិចនៅលើឧបករណ៍ផ្សេងៗ ដូចជាទូរស័ព្ទឬកុំព្យូទ័រ។ ក៏ប៉ុន្តែក៏មានពេលមួយចំនួន តិចតួចដែរ ដែលលោកធ្វើការអានសៀវភៅអេឡិចត្រូនិចនៅលើកុំព្យូទ័ររបស់លោក ប៉ុន្តែវាគឺជាករណីកម្របំផុត ។ ហើយជាពិសេសនោះ លោកបានលើកឡើងថា នៅពេលមុនចូលដំណេក ការជ្រើសរើសអានសៀវភៅ ពិតគឺល្អប្រសើរបំផុត សម្រាប់លោក ព្រោះវាធ្វើអោយលោកគេងលក់បានស្រួល បន្ទាប់ពីអានរួច ។
៤) ទុកពេលមួយម៉ោងអោយខ្លួនឯង ហើយផ្ដោតចំពោះការអានតែមួយមុខគត់
ត្រង់ចំណុចនេះ លោកបានបញ្ជាក់ថា នៅរៀងរាល់ពេល អានសៀវភៅ គឺលោកនឹងមិនយក ខួរក្បាលទៅគិតរឿង ផ្សេងនោះទេ ហើយលោកនឹងស្ថិតនៅតែម្នាក់ឯង ហើយប្រមូលអារម្មណ៍ដើម្បីធ្វើការអាន យ៉ាងហោចណាស់ ក៏អោយបានមួយម៉ោងដែរ ។
អ្នកត្រូវដឹងថា ដើម្បីអោយការអាន របស់លោកអ្នកទទួល បាននូវប្រសិទ្ធភាព និងលទ្ធផលខ្ពស់ ប្រការចាំបាច់ បំផុតនោះ គឺការប្រមូលអារម្មណ៍ ហើយអាននូវសំណេរនីមួយៗដោយការយកចិត្តទុកដាក់ និងជាពិសេសនោះ គឺយល់ពីអ្វីដែល អ្នកនិពន្ធចង់និយាយ ដូច្នេះប្រសិនបើអ្នកមិន អាចផ្ដោតអារម្មណ៍បានទេ នោះការអានរបស់អ្នក ប្រហែលជាមិនសូវផ្ដល់ផល ចំណេញប៉ុន្មាននោះទេ ។
ដូច្នេះអ្វីដែលលោកអ្នកគួរធ្វើ គឺស្វែងរកកន្លែង ស្ងប់ស្ងាត់ ឬអង្គុយក្នុងបន្ទប់ខ្លួនឯង ហើយអានសៀវភៅ ដោយយកចិត្តទុកដាក់ ហើយចំពោះពេលវេលាដែលសាកសមបំផុតនោះ គឺតិចបំផុតក៏អោយបានមួយម៉ោងដែរ ពីព្រោះអ្នកមិនអាចអានសៀវភៅមួយត្រឹម ៥ ឬ ១០នាទី ហើយរត់ទៅធ្វើកិច្ចការ ផ្សេងនោះទេ ។
ចំណេះ សូមថ្លែងអំណរគុណ ដល់ប្រិយមិត្ត ដែលបានចំណាយពេល វេលាអាននូវគន្លឹះក្នុងការអានទាំងនេះ ដែលចែករំលែកដោយលោក Bill Gates ។ មុនពេលបញ្ចប់ ចំណេះ សូមធ្វើការចែករំលែកនូវ គន្លឹះក្នុងការអាន ផ្ទាល់ខ្លួនមួយចំណុច ជូនទៅដល់ប្រិយមិត្តបានដឹងផងដែរ ៖
៥) កុំទុកចន្លោះពេលយូរៗពេក នៅពេលបន្តការអាន សៀវភៅរបស់អ្នក
សម្រាប់ខ្លួនរបស់ ចំណេះ ផ្ទាល់នៅពេលដែល ចាប់ផ្ដើមអានសៀវភៅ មួយក្បាលណាហើយ ចំណេះ ក៏នឹងព្យាយាមបញ្ចប់វាអោយបានដែរ ហើយចំណុចសំខាន់បំផុតមួយនោះគឺ ចំណេះ មិនទុកចន្លោះពេលយូរពេក ដើម្បីបន្តការអានរបស់ខ្លួននោះទេ ។ ជាឧទាហរណ៍ ក្នុងថ្ងៃដំបូង ចំណេះ នឹងកំណត់ការអានអោយចប់នូវជំពូកទីមួយ ឬដល់ជំពូកទីពីរ ហើយនៅថ្ងៃស្អែក (ឬពីរបីថ្ងៃបន្ទាប់ ក្នុងករណីដែល ចំណេះ រវល់ខ្លាំង) ចំណេះ នឹងបន្តការអានជំពូកទីបីភ្លាម ។
ការធ្វើដូចនេះ នឹងមិនធ្វើអោយអ្នក អាចភ្លេចនូវអ្វី ដែលខ្លួនបានអាន ពីជំពូកទីមួយ និងជំពូកទីពីរមក ហើយត្រូវបកទៅអានឡើងវិញ ដើម្បីយល់វាម្ដងទៀត ។
