ទីក្រុងហាណូយ៖ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានប្រាប់ឲ្យដឹងថា តុលាការវៀតណាមកាលពីថ្ងៃព្រហស្បតិ៍ បានកាត់ទោសអ្នកកាសែត ឯករាជ្យម្នាក់ឲ្យជាប់គុក ៣០ ខែ ជុំវិញការបង្ហោះសារ លើប្រព័ន្ធផ្សព្វផ្សាយសង្គមយក្សអាមេរិក Facebook ដែលរិះគន់រដ្ឋាភិបាល យោងតាមការចេញផ្សាយពីគេហទំព័រ VOA ។
យោងតាមទីភ្នាក់ងារ សារព័ត៌មានវៀតណាមឲ្យដឹងថា តុលាការនៅទីក្រុងហាណូយ ប្រទេសវៀតណាមបានកាត់ទោសលោក Truong Huy San ពីបទរំលោភលើ សេរីភាពប្រជាធិបតេយ្យ ដើម្បីរំលោភលើផលប្រយោជន៍របស់រដ្ឋ តាមរយៈការបង្ហោះអត្ថបទចំនួន ១៣ នៅលើ Facebook រយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយ រដ្ឋបានឲ្យដឹងថា “អត្ថបទទាំងនេះមានអន្តរកម្ម មតិយោបល់ និងការចែករំលែកជាច្រើន ដែលបណ្តាលឲ្យមានផលប៉ះពាល់ អវិជ្ជមានដល់សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម” ។ ស្ថិតនៅក្នុងតំណែងរបស់លោក លោកតែងតែរិះគន់មេដឹក នាំកុម្មុយនិស្តរបស់ប្រទេសនេះ លើបញ្ហាជាច្រើនចាប់ពីអំពើពុករលួយ រហូតដល់សេរីភាពសារព័ត៌មាន។
ភ្នាក់ងារសន្តិសុខរដ្ឋវៀតណាម បានឃុំខ្លួនលោក Huy Duc នៅខែមិថុនា ឆ្នាំ២០២៤ ប៉ុន្មានថ្ងៃបន្ទាប់ពីលោកបានចុះផ្សាយអត្ថបទ អំពីភាពចលាចលនយោបាយក្នុងប្រទេស នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមយក្សអាមេរិក Facebook។
នេះបើយោងតាមអ្នករាយការណ៍គ្មានព្រំដែន ឬ RSF ថា រដ្ឋាភិបាលវៀតណាមតែងតែ ប្រើការចោទប្រកាន់ពីបទ “រំលោភលើសេរីភាពប្រជាធិបតេយ្យ” ដើម្បីកំណត់គោលដៅ អ្នកការពារសេរីភាពសារព័ត៌មាន។
លោក Cedric Alviani នាយកអាស៊ីប៉ាស៊ីហ្វិករបស់ RSF បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា តាមរយៈការកាត់ទោសដាក់ពន្ធនាគារនេះ របបនេះបានបង្ហាញពីការ មើលងាយរបស់ខ្លួនចំពោះ សេរីភាពសារព័ត៌មាន ក៏ដូចជាការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបំបិទសំឡេងឯករាជ្យ។ យើងអំពាវនាវឲ្យសហគមន៍អន្តរជាតិ បង្កើនសម្ពាធលើទីក្រុងហាណូយ ដើម្បីធានាការដោះលែងលោក និងអ្នកកាសែតទាំងអស់ ត្រូវបានឃុំខ្លួនក្នុងប្រទេស៕
