កូរ៉េខាងត្បូង៖ ប៉ូលីសកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃសុក្រថា ពួកគេកំពុងកោះហៅស្ត្រីជនជាតិជប៉ុនម្នាក់មកសាកសួរជុំវិញការចោទប្រកាន់ថា បានថើបលោក Jin សមាជិកក្រុមកំពូល K-pop BTS ដោយមិនមានការយល់ព្រមក្នុងអំឡុងពេលព្រឹត្តិការណ៍ឱបដោយឥតគិតថ្លៃកាលពីឆ្នាំមុន។
មន្ត្រីប៉ូលិសម្នាក់ដែលបានលើកទូរស័ព្ទនៅស្ថានីយ៍ប៉ូលីស Songpa នៃទីក្រុងសេអ៊ូល បាននិយាយថា ខ្លួនបានស្នើសុំឲ្យស្ត្រីនោះបង្ហាញខ្លួនដើម្បីសាកសួរជុំវិញការចោទប្រកាន់ពីបទបៀតបៀនផ្លូវភេទ។ ស្ថានីយ៍ប៉ូលីសបានបដិសេធមិនបង្ហាញអត្តសញ្ញាណរបស់នាងដោយសម្អាងលើភាពឯកជន។
ស្ថានីយ៍បាននិយាយថា ខ្លួនបានចាប់ផ្តើមការស៊ើបអង្កេតមួយ បន្ទាប់ពីបានទទួលពាក្យបណ្តឹងតាមអ៊ីនធើណេត ហើយបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែមទៀត ដោយសារតែការស៊ើបអង្កេតកំពុងដំណើរការ។
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា ប៉ូលីសកូរ៉េខាងត្បូងអាចបញ្ជាក់ពីអត្តសញ្ញាណរបស់ស្ត្រីនោះ ដោយមានជំនួយពីប៉ូលីសជប៉ុន។ ស្ត្រីដែលមានអាយុខ្ទង់ ៥០ ឆ្នាំ បដិសេធមិនចូលខ្លួនដើម្បីសាកសួរ។
មួយថ្ងៃបន្ទាប់ពីបានបញ្ចប់ការបំពេញកាតព្វកិច្ចយោធារយៈពេល ១៨ ខែ កាលខែមិថុនា ឆ្នាំ ២០២៤ លោក Jin ដែលមានឈ្មោះពិតថា Kim Seok-jin បានប្រារព្ធពិធីរំសាយចោលរបស់លោក និងគម្រប់ខួប ១១ ឆ្នាំរបស់ក្រុមដោយផ្តល់ការឱបដោយឥតគិតថ្លៃដល់អ្នកគាំទ្ររបស់លោកនៅព្រឹត្តិការណ៍មួយក្នុងទីក្រុងសេអ៊ូល។
ក្នុងព្រឹត្តិការណ៍នោះត្រូវបានគេរាយការណ៍ថា មានមនុស្សចូលរួមចំនួន ១០០០ នាក់ ស្ត្រីម្នាក់បានថើប លោក Jin លើថ្ពាល់របស់គាត់ភ្លាមៗ។ ខ្សែវីដេអូដែលល្បីខ្លាំងបានបង្ហាញលោក Jin ហាក់មិនស្រួលខ្លួន។
នេះបើតាមទីភ្នាក់ងារព័ត៌មាន Yonhapថា ស្ត្រីរូបនេះបានសរសេរនៅក្នុងការបង្ហោះតាមអ៊ីនធើណេតថា “បបូរមាត់ខ្ញុំប៉ះកគាត់ និងស្បែកគាត់ទន់ណាស់” ៕
