បរទេស៖ សម្រាប់ជនជាតិកូរ៉េខាងត្បូង ១០នាក់ដែលមានសញ្ញាបត្រថ្នាក់បណ្ឌិតកាលពីឆ្នាំមុន គឺមាន ៣ នាក់ គ្មានការងារធ្វើ ជាមួយនឹងអត្រាជិតដល់ ៥០ភាគរយ ចំពោះអ្នកដែលមានអាយុក្រោម ៣០ ឆ្នាំ, នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលកូរ៉េ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ការសិក្សាមួយដោយ Statistics Korea ចេញផ្សាយកាលពីថ្ងៃអាទិត្យបានបង្ហាញថា ២៩,៦ភាគរយនៃបុគ្គលចំនួន ១០.៤៤២ នាក់ ដែលទទួលបានសញ្ញាបត្របណ្ឌិតកាលពីឆ្នាំមុន គឺគ្មានការងារធ្វើ។ នេះគឺជាអត្រាអ្នកអត់ការងារធ្វើខ្ពស់បំផុតសម្រាប់អ្នកមានសញ្ញាប័ត្រថ្នាក់បណ្ឌិតចាប់តាំងពីប្រទេសនេះបានចាប់ផ្តើមប្រមូលទិន្នន័យពាក់ព័ន្ធនៅក្នុងឆ្នាំ២០១៤, នេះបើយោងតាម KBS World ។
ការសិក្សាបានរកឃើញថា ២៦,៦ភាគរយ នៃអ្នកដែលគ្មានការងារធ្វើកំពុងស្វែងរកការងារធ្វើយ៉ាងសកម្ម ខណៈដែល ៣ភាគរយ ត្រូវបានចាត់ថ្នាក់ថាជាអសកម្មផ្នែកសេដ្ឋកិច្ច។ អត្រាគ្មានការងារធ្វើរួមបញ្ចូលគ្នា ដែលរួមមានទាំងអ្នកស្វែងរកការងារធ្វើ និងអ្នកអសកម្មផ្នែកសេដ្ឋកិច្ច នៅតែស្ថិតក្នុងចន្លោះពាក់កណ្តាល ២០ភាគរយ ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ ២០១៨ ប៉ុន្តែបានកើនឡើងដល់ ២៩,៣ភាគរយ ក្នុងឆ្នាំ ២០១៩ ដែលឈានដល់កម្រិតខ្ពស់បំផុត ២៩,៦ភាគរយ កាលពីឆ្នាំមុន។
តាមក្រុមអាយុ អត្រាអត់ការងារធ្វើសម្រាប់អ្នកមានសញ្ញាប័ត្របណ្ឌិតដែលមានអាយុក្រោម ៣០ ឆ្នាំបានឈានដល់ ៤៧,៧ភាគរយ ដែលជាអត្រាខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រនៃការស្ទង់មតិ។
អត្រាគ្មានការងារធ្វើក៏ប្រែប្រួលទៅតាមវិស័យសិក្សាផងដែរ ដោយនិស្សិតបញ្ចប់ការសិក្សាផ្នែកសិល្បៈ និងមនុស្សសាស្ត្រប្រឈមនឹងអត្រាខ្ពស់បំផុតគឺ ៤០៩,១ភាគរយ ។ នេះតាមពីក្រោយដោយវិទ្យាសាស្ត្រធម្មជាតិ គណិតវិទ្យា និងស្ថិតិនៅ ៣៧,៧ភាគរយ និងវិទ្យាសាស្ត្រសង្គម សារព័ត៌មាន និងការសិក្សាព័ត៌មាននៅ ៣៣,១ភាគរយ , នេះបើតាមកាសែត Korea Times បានរាយការណ៍៕
ប្រែសម្រួលៈ ណៃ តុលា
