ព័ត៌មានអន្តរជាតិ

ប្រេសិតពិសេសអាមេរិក ៖ ប្រធានាធិបតីអ៊ុយក្រែន សុំទោសលោក Donald Trum

AFP

បរទេស៖ ប្រេសិតពិសេសអាមេរិក ប្រចាំតំបន់មជ្ឈិមបូព៌ា លោក Steve Witkoff បាននិយាយថា មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky បានសុំទោសប្រធានាធិបតីអាមេរិក Donald Trump ជុំវិញរឿងជម្លោះពាក្យសម្តីនៅសេតវិមាន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់រូបនេះ បានធ្វើការកត់សម្គាល់ កាលពីថ្ងៃចន្ទនៅក្នុងបទសម្ភាសន៍ជាមួយ Fox News មុនពេលកិច្ចប្រជុំរវាងគណៈប្រតិភូអាមេរិក និងអ៊ុយក្រែន ដែលគ្រោងនឹងធ្វើឡើងនៅប្រទេសអារ៉ាប៊ីសាអូឌីតក្នុងសប្តាហ៍នេះ ។ លោក Witkoff បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនរំពឹងថានឹងធ្វើឱ្យមាន “វឌ្ឍនភាពច្រើន” ហើយសង្ឃឹមថា នឹងចុះហត្ថលេខាលើកិច្ច ព្រមព្រៀងសំខាន់មួយ ជាមួយទីក្រុងគៀវ។

លោក Witkoff បាន​ថ្លែងថា លោក “Zelensky បានផ្ញើលិខិតទៅប្រធានាធិបតី។ លោក​បាន​សុំទោស​ចំពោះ​ឧប្បត្តិហេតុ​ទាំង​មូល​ដែល​បាន​កើត​ឡើង ​នៅ​ការិយាល័យ Oval” ។ “ខ្ញុំគិតថា វាជាជំហាន ដ៏សំខាន់មួយ ហើយមានការពិភាក្សា ជាច្រើនរវាង ក្រុមរបស់យើង និងអ៊ុយក្រែន និងអឺរ៉ុប ដែលពាក់ព័ន្ធនឹងការ ពិភាក្សានេះផងដែរ”។

លោក Trump បានបង្ហាញថា លោកបានទទួលលិខិត “សំខាន់” ពីលោក Zelensky កាលពីសប្តាហ៍មុនដោយបញ្ជាក់ថា ទីក្រុងគៀវ បានសម្តែងការត្រៀមខ្លួន “ដើម្បីចូលតុចរចា ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន” ។ យ៉ាង​ណា​មិញ ប្រធានាធិបតី​អាមេរិក​មិន​បាន​លើក​ឡើង​ថា លិខិត​នោះ​មាន​ការ​សុំទោស​ ចំពោះ​ទំនាស់នៅការិយាល័យ Oval Office ទេ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top