ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនបច្ចេកវិទ្យា អវកាស SpaceX ធ្វើការវិនិយោគ បន្ថែមទឹកប្រាក់ ៣០ លានដុល្លារអាមេរិក ក្នុងប្រទេសវៀតណាម

VN Express

វៀតណាម ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា សាជីវកម្ម Wistron NeWeb ដែលមានមូលដ្ឋាននៅតៃវ៉ាន់ ជាអ្នកផ្គត់ផ្គង់ សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាអវកាស SpaceX របស់លោក Elon Musk នឹងវិនិយោគបន្ថែមចំនួន ៣០ លានដុល្លារអាមេរិក ក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធមួយ នៅភាគខាងជើងប្រទេសវៀតណាម។

យោងតាមផែនការពង្រីក របស់ក្រុមហ៊ុន Neweb Vietnam បាននិយាយថា ក្រុមហ៊ុនបានប្រាប់ផ្សារហ៊ុន តៃវ៉ាន់ក្នុងការបង្ហាញនា ពេលថ្មីៗនេះថា ការវិនិយោគនេះមានរយៈពេលវែង ហើយនឹងត្រូវបានដាក់ ឲ្យប្រើប្រាស់ក្នុងដំណាក់កាលជាច្រើន ។ វានឹងផ្តល់ហិរញ្ញប្បទានដល់ការ វិនិយោគ តាមរយៈមូលនិធិផ្ទៃក្នុង និងកម្ចីធនាគារ។

Neweb Vietnam ត្រូវបានបង្កើតឡើង នៅពាក់កណ្តាលឆ្នាំ ២០២០ ជាមួយនឹងការវិនិយោគដំបូងចំនួន ៦០ លានដុល្លារ បានចាប់ផ្តើមប្រតិបត្តិការកាលខែសីហា ឆ្នាំ ២០២១ ហើយបច្ចុប្បន្នមានបុគ្គលិកប្រហែល ២,០០០នាក់។ ក្រុមហ៊ុនបុត្រសម្ព័ន្ធនេះផលិតឧបករណ៍ទំនាក់ទំនងផ្កាយរណប និងឧបករណ៍ចល័តនៅរោងចក្រមួយក្នុងខេត្ត Ha Nam គ្របដណ្តប់លើផ្ទៃដីសរុប ១១.៣ ហិកតា។

សម្រាប់ដំណាក់កាលដំបូង រោងចក្រនេះអាចផលិត ឧបករណ៍ផ្ទះឆ្លាតវៃ ឧបករណ៍ឥតខ្សែ និងផលិតផលផ្សេងៗទៀតចំនួន ២០ លានគ្រឿង។ ដំណាក់កាលទី២ មានគោលបំណងបង្កើន សមត្ថភាពផលិតកម្មនេះទ្វេដង។ សម្ភារៈបឋមទាំងអស់សម្រាប់គម្រោងនេះ គឺមានប្រភពមកពីប្រទេសចិន។

ក្រុមហ៊ុន SpaceX ជាក្រុមហ៊ុនឈានមុខគេលើពិភពលោកនៃការផ្គត់ផ្គង់យានអវកាស សេវាបង្ហោះផ្កាយរណប និងទំនាក់ទំនងផ្កាយរណប។ កាលពីខែកញ្ញាឆ្នាំមុន អនុប្រធានជាន់ខ្ពស់ SpaceX លោក Tim Hughes បានប្រកាសពីផែនការសម្រាប់ការវិនិយោគ ១.៥ ពាន់លានដុល្លារនៅប្រទេសវៀតណាម។

នេះបើយោងតាមរបាយការណ៍របស់ Reuters កាលពីឆ្នាំមុនបាននិយាយថា អ្នកផ្គត់ផ្គង់ឧបករណ៍ អ៊ីនធើណេតផ្កាយរណប Starlink សម្រាប់ ក្រុមហ៊ុន SpaceX របស់លោក Elon Musk កំពុងផ្លាស់ប្តូរការវិនិយោគ ចេញពីតៃវ៉ាន់ ដែលបានលើក យកសាជីវកម្ម Wistron NeWeb, Universal Microwave Technology និង Shenmao Technology៕

Most Popular

To Top