ព័ត៌មានអន្តរជាតិ

ប្រទេសវៀតណាម អំពាវនាវឲ្យមាតាបិតា នាំកូនចាក់វ៉ាក់សាំង ខណៈករណីជំងឺកញ្ជ្រឹល ឡើងដល់៤០.០០០នាក់ និងស្លាប់៥នាក់

VN Express

ប្រទេសវៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា នាយករដ្ឋមន្ត្រីប្រទេសវៀតណាម លោក Pham Minh Chinh បានចេញសេចក្តីប្រកាសផ្លូវការមួយ ដោយស្នើឲ្យពន្លឿនការ ចាក់វ៉ាក់សាំងប្រឆាំងជំងឺកញ្ជ្រឹល ខណៈដែលចំនួនករណីកំពុង កើនឡើងរហូតដល់៤០.០០០ករណ៍ហើយ។

នាយករដ្ឋមន្ត្រីបានស្នើដល់រដ្ឋមន្ត្រី ក្រសួងសុខាភិបាល ណែនាំ និងគាំទ្រដល់មូលដ្ឋាន ជំរុញយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកញ្ជ្រឹល ហើយបញ្ចប់វាមិនលើសពីចុងខែនេះ។ វិស័យសុខាភិបាលត្រូវតែធានា ឲ្យបានគ្រប់គ្រាន់នូវវ៉ាក់សាំងការពារជំងឺកញ្ជ្រឹល និងចែកចាយទាន់ពេលវេលាដល់មូលដ្ឋាន។

ក្រសួងបានណែនាំដល់គ្រឹះស្ថាន ពេទ្យឲ្យតឹងរ៉ឹងក្នុងការទទួល និងព្យាបាលអ្នកជំងឺកញ្ជ្រឹល និងករណីសង្ស័យ សម្របសម្រួលជាមួយក្រសួងហិរញ្ញវត្ថុ ដើម្បីធានាបានថវិកាគ្រប់គ្រាន់ និងទាន់ពេលវេលាសម្រាប់យុទ្ធនាការ ចាក់ថ្នាំបង្ការជំងឺកញ្ជ្រឹល។ ខេត្ត ក្រុង ត្រូវពិនិត្យស្ថានភាពជំងឺកញ្ជ្រឹល ក្នុងមូលដ្ឋានជាបន្ទាន់ ដើម្បីមានផែនការត្រឹមត្រូវ តាមការណែនាំរបស់ក្រសួង។

ភាគីពាក់ព័ន្ធអនុវត្តយ៉ាងមានប្រសិទ្ធភាព នូវកម្មវិធីចាក់ថ្នាំបង្ការដែលបានពង្រីក និងការចាក់វ៉ាក់សាំងសម្រាប់អ្នកមិនទាន់បានចាក់វ៉ាក់សាំង ឬមិនទាន់បានចាក់វ៉ាក់សាំងពេញលេញ។ អាជ្ញាធរគួរតែពង្រឹងទំនាក់ទំនង និងអប់រំដល់ប្រជាពលរដ្ឋ ជាពិសេសនៅតំបន់ដាច់ស្រយាល ព្រំដែន កោះ និងក្រុមជនជាតិដើមភាគតិច ដើម្បីបង្ការ និងគ្រប់គ្រងជំងឺកញ្ជ្រឹលយ៉ាងសកម្ម។

រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល ត្រូវដឹកនាំស្ថាប័នអប់រំ ចាត់វិធានការបង្ការ ទៅតាមការណែនាំរបស់វិស័យសុខាភិបាល។ សាលារៀនត្រូវត្រួតពិនិត្យសុខភាពសិស្ស ជូនដំណឹងដល់គ្រឹះស្ថានវេជ្ជសាស្ត្រ នៅពេលរកឃើញករណីសង្ស័យថា កើតជំងឺកញ្ជ្រឹល ដើម្បីដាក់ឲ្យនៅដាច់ពីគេ និងការព្យាបាលទាន់ពេលវេលា និងសុំឲ្យមាតាបិតានាំកូនរបស់ពួកគេ ទៅទទួលថ្នាំបង្ការឲ្យបានពេញលេញ និងទាន់ពេលវេលា។

ទីភ្នាក់ងារសារព័ត៌មាន នឹងផ្តល់ព័ត៌មានទៀងទាត់ ពេញលេញ និងត្រឹមត្រូវអំពីស្ថានភាពជំងឺរាតត្បាត និងពង្រីកទំនាក់ទំនងលើបញ្ហានេះ។ ឧបនាយករដ្ឋមន្ត្រី Le Thanh Long ត្រួតពិនិត្យដោយផ្ទាល់ និងដោះស្រាយបញ្ហានានាក្នុងសមត្ថកិច្ច ហើយរាយការណ៍ជូននាយករដ្ឋមន្ត្រី ចំពោះបញ្ហាលើសពីវិសាលភាពរបស់លោក។

ការិយាល័យរដ្ឋាភិបាលនឹងសម្របសម្រួល ជាមួយក្រសួងសុខាភិបាល ដើម្បីសម្រេចបានការបញ្ជូនជាផ្លូវការ ហើយរាយការណ៍ភ្លាមៗជូននាយករដ្ឋមន្ត្រី Chinh រាល់បញ្ហា និងការលំបាកនានាក្នុងដំណើរការអនុវត្ត។ ប្រទេសវៀតណាមបានកត់ត្រាករណី សង្ស័យជំងឺកញ្ជ្រឹលជិត ៤០.០០០ ករណី និងការស្លាប់ដែលទាក់ទងនឹងជំងឺកញ្ជ្រឹល ៥ នាក់ចាប់តាំងពីដើមឆ្នាំនេះ។ ក្រសួងសុខាភិបាលជឿជាក់ថាចំនួនករណីសង្ស័យ ជំងឺកញ្ជ្រឹលនឹងបន្តកើនឡើងនៅទូទាំងប្រទេស៕

Most Popular

To Top