ព័ត៌មានអន្តរជាតិ

ជប៉ុន ពិចារណាដាក់ពង្រាយ មីស៊ីលរយៈចម្ងាយឆ្ងាយ នៅកាន់កោះ Kyushu

afp

តូក្យូ៖ ប្រភពរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសជប៉ុន កំពុងពិចារណាដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយនៅកាន់កោះ Kyushu ភាគនិរតីប្រទេស ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសនេះដើម្បីទទួលបាន “សមត្ថភាពប្រឆាំង” ដើម្បីវាយប្រហារគោលដៅរបស់ សត្រូវក្នុងករណីមានអាសន្ន។

ការដាក់ពង្រាយដែលរំពឹងថានឹង ចាប់ផ្តើមនៅចុងឆ្នាំសារពើ ពន្ធបន្ទាប់ក្នុងខែមីនា ឆ្នាំ២០២៦ គឺសំដៅពង្រឹងសន្តិសុខនៃខ្សែសង្វាក់កោះ Nansei ភាគនិរតីរបស់ប្រទេស ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ សម្រាប់ភាពជិតរបស់វាជាមួយកោះតៃវ៉ាន់ ចំពេលមានការភ័យខ្លាចកាន់តែខ្លាំងឡើងថា កោះប្រជាធិបតេយ្យដែល គ្រប់គ្រងដោយខ្លួនឯងមួយនេះ អាចត្រូវបានឈ្លានពានដោយប្រទេសចិន។

ប្រទេសចិនចាត់ទុក កោះតៃវ៉ាន់ជាខេត្តមួយ ដែលត្រូវបង្រួបបង្រួមឡើងវិញ ជាមួយដីគោកដោយបង្ខំប្រសិនបើចាំបាច់។ ប្រភពបានឲ្យដឹងថា អាជ្ញាធរកំពុងវាយតម្លៃទីតាំង ដាក់ពង្រាយដែលអាចកើតមាន ដោយអ្នកស្រុកមានការព្រួយបារម្ភថា ពួកគេអាចជាគោលដៅក្នុងការវាយប្រហាររបស់សត្រូវ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

យោងតាមប្រភពបានឱ្យដឹងថា មីស៊ីលទាំងនេះអាចនឹងត្រូវបានដាក់ពង្រាយ នៅកងវរសេនាធំការពារមីស៊ីលពីដីទៅ កប៉ាល់របស់កងកម្លាំងការពារដីគោកនៅ Yufu ក្នុងខេត្ត Oita និងទីក្រុង Kumamoto ប្រទេសជប៉ុន។ ប្រភពបានឲ្យដឹងទៀតថា ខេត្តកោះភាគខាងត្បូងនៃអូគីណាវ៉ា ដែលស្ថិតនៅជិតចិនដីគោក ទំនងជាមិនមែនជាកន្លែងដាក់ពង្រាយ ចំពេលមានការព្រួយបារម្ភថា វាអាចបង្កើនភាពតានតឹងជាមួយទីក្រុងប៉េកាំង៕

Most Popular

To Top