កូរ៉េខាងត្បូង៖ ស្ត្រីមានផ្ទៃពោះម្នាក់ទៀតដែលស្ថិតនៅខេត្ត Gyeonggi បានសម្រាលកូនលើរថយន្តសង្គ្រោះបន្ទាន់ បន្ទាប់ពីមន្ទីរពេទ្យចំនួន ៤០ត្រូវបានបដិសេធមិនទទួល គឺជាការកត់សម្គាល់ករណីបែបនេះលើកទី២ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ និងបង្ហាញពីវិបត្តិថែទាំសុខភាពកំពុងបន្ត របស់ប្រទេសកូរ៉េខាងត្បូង យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។
នេះបើតាមការចុះផ្សាយរបស់កាសែត The Korea Times បាននិយាយថា ស្ត្រីដែលមានផ្ទៃពោះនៅអាយុ ២០ ឆ្នាំ និង៣៤ សប្តាហ៍បានសម្រាលកូននៅលើ រថយន្តសង្គ្រោះកាលពីជាងមួយសប្តាហ៍មុន។ ស្ត្រីរូបនេះបានចូលសម្រាលកូន ហើយបានទូរស័ព្ទទៅលេខ ១១៩ ជាលេខឆ្លើយតបបន្ទាន់របស់ប្រទេសកូរ៉េខាងត្បូងនៅម៉ោង ០:៤២ ព្រឹក ថ្ងៃទី១០ ខែមីនា។
បន្ទាប់ពីការវាយតម្លៃស្ថានភាពរបស់នាង គ្រូពេទ្យបានចំណាយពេលមួយម៉ោង ដើម្បីទាក់ទងមន្ទីរពេទ្យចំនួន ៤០ នៅទូទាំងទីក្រុងសេអ៊ូល Gyeonggi និង Chungnam ប៉ុន្តែទាំងអស់បានបដិសេធមិនទទួលឡើយ ដោយភាគច្រើនបានលើកឡើង ពីហេតុផលនៃបុគ្គលិកដែលមិនមាន។
នៅម៉ោង ១:៤៨ ព្រឹក មជ្ឈមណ្ឌលវេជ្ជសាស្ត្រទីក្រុងសេអ៊ូល ក្នុងស្រុក Jungnang បានបញ្ជាក់ថា ពួកគេអាចទទួលយកនាងបាន ប៉ុន្តែដល់ពេលនោះ ទឹករបស់នាងបានដាច់ ហើយនាងមានការឈឺចាប់ខ្លាំង។ គ្រូពេទ្យបានធ្វើការសង្គ្រោះបន្ទាន់នៅលើរថយន្តសង្គ្រោះបន្ទាន់ ហើយស្ត្រីនោះបានសម្រាលកូនប្រុសនៅម៉ោង ២:១១ ព្រឹក ប្រហែល ៩០ នាទីបន្ទាប់ពីការហៅសង្គ្រោះបន្ទាន់ដំបូងរបស់នាង។
នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Yonhap ថា ទាំងម្តាយ និងទារកត្រូវបានបញ្ជូនទៅកាន់មជ្ឈមណ្ឌល វេជ្ជសាស្ត្រទីក្រុងសេអ៊ូលនៅម៉ោង ២:៣៦ ទៀបភ្លឺ ដើម្បីព្យាបាលបន្ថែមទៀត។ ពួកគេត្រូវបានគេរាយការណ៍ថា ស្ថិតក្នុងស្ថានភាពស្ថិរភាព ។
ករណីស្ត្រីជនជាតិកូរ៉េនេះត្រូវបានបង្ហាញភ្លាមៗ បន្ទាប់ពីមានសេចក្តីរាយការណ៍អំពី ស្ត្រីមានផ្ទៃពោះជនជាតិវៀតណាមម្នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យចំនួន ១៣ ដោយសារកង្វះវេជ្ជបណ្ឌិត និងគ្រែមន្ទីរពេទ្យកាលពីថ្ងៃទី ១៦ ខែមីនា បង្ខំឲ្យនាងសម្រាលកូនក្នុងរថយន្តសង្គ្រោះ។
ការបដិសេធមន្ទីរពេទ្យសម្រាប់អ្នកជំងឺសង្គ្រោះ មានការកើនឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង ចំពេលមានកង្វះខាតបុគ្គលិកថែទាំសុខភាពធ្ងន់ធ្ងរ ដែលកាន់តែធ្ងន់ធ្ងរឡើងដោយការធ្វើកូដកម្មរបស់ វេជ្ជបណ្ឌិតជាបន្តបន្ទាប់ដែលតវ៉ានឹង ផែនការរបស់រដ្ឋាភិបាលក្នុងការពង្រីក ការចូលរៀននៅសាលាវេជ្ជសាស្ត្រ៕
