ព័ត៌មានអន្តរជាតិ

ជើងហោះហើរ ទៅកាន់ប្រទេសអូស្ត្រាលី សឹង្ហបូរី ត្រូវបានលុបចោល បន្ទាប់ពីការផ្ទុះភ្នំភ្លើង បានវាយប្រហារ កោះរមណីយដ្ឋានបាលី

VN Express

ឥណ្ឌូនេស៊ី ៖ មន្ត្រីអាកាសយានដ្ឋាន បាននិយាយ កាលពីថ្ងៃសុក្រថា យ៉ាងហោចណាស់ ជើងហោះហើរអន្តរជាតិ ចំនួន៧ពីកោះរមណីយដ្ឋាន បាលី របស់ប្រទេសឥណ្ឌូនេស៊ី ត្រូវបានលុបចោល បន្ទាប់ពីភ្នំភ្លើងមួយនៅភាគខាងកើត នៃប្រទេសប្រជុំកោះបានផ្ទុះឡើង ដោយបាញ់ផេះងងឹតលើមេឃចម្ងាយ ៨ គីឡូម៉ែត្រ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។

អាជ្ញាធរបាននិយាយថា ភ្នំភ្លើង Lewotobi Laki-Laki ដែលជាភ្នំភ្លើងភ្លោះកម្ពស់ ១,៧០៣ ម៉ែត្រនៅលើកោះទេសចរណ៍ Flores បានផ្ទុះឡើងរយៈពេល ១១ នាទី និង៩ វិនាទីកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដោយបង្កើនស្ថានភាពប្រកាសអាសន្នរបស់ភ្នំភ្លើង ដល់កម្រិតខ្ពស់បំផុត ។

លោក Andadina Dyah អ្នកនាំពាក្យអាកាសយានដ្ឋានអន្តរជាតិ Ngurah Rai របស់កោះបាលី បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា គិតត្រឹមម៉ោង ៩:៤៥ ព្រឹកថ្ងៃសុក្រនេះ ជើងហោះហើរអន្តរជាតិចំនួន ៧ ត្រូវបានលុបចោល ក្នុងនោះចំនួន ៦ គឺជាជើងហោះហើរ Jetstar ទៅកាន់ប្រទេសអូស្ត្រាលី និងជើងហោះហើរ Air Asia មួយទៅកាន់ Kuala Lumpur ។

អាកាសយានដ្ឋានអន្តរជាតិ Ngurah Rai បាននិយាយថា ជើងហោះហើរជាច្រើនផ្សេងទៀត ទាំងក្នុងស្រុក និងអន្តរជាតិ រួមទាំងទៅកាន់ប្រទេសថៃ សិង្ហបុរី និងអូស្ត្រាលី ត្រូវបានពន្យារពេល។

យោងតាមក្រសួង ដឹកជញ្ជូនបានឲ្យដឹងថា អាកាសយានដ្ឋានក្នុងស្រុក Maumere នៅលើ Flores ដែលនៅជិតបំផុតទៅនឹងភ្នំភ្លើង មិនត្រូវបានប៉ះពាល់ ដោយផេះនោះទេ។

ទីភ្នាក់ងារភ្នំភ្លើងរបស់ប្រទេសឥណ្ឌូនេស៊ី បាននិយាយក្នុងសេចក្តីថ្លែងការណ៍ អំពីការផ្ទុះបានចាប់ផ្តើមនៅម៉ោងប្រហែល ១១:០០ យប់ថា ជួរឈរផេះត្រូវបានគេសង្កេតឃើញពីពណ៌ប្រផេះ ទៅខ្មៅជាមួយនឹងអាំងតង់ស៊ីតេក្រាស់។ មិនមានរបាយការណ៍អំពីការខូចខាតដល់ភូមិនៅក្បែរនោះទេ ប៉ុន្តែទីភ្នាក់ងារបានព្រមានអ្នកស្រុក អំពីសក្តានុពល នៃលំហូរភក់ភ្នំភ្លើង ដោយសារតែភ្លៀងធ្លាក់ខ្លាំង។ ការផ្ទុះដ៏យូរនេះបានជំរុញឲ្យទីភ្នាក់ងារ ភូគព្ភសាស្ត្ររបស់ប្រទេសនេះ បង្កើនកម្រិតប្រកាសអាសន្ន របស់ភ្នំភ្លើងដល់កម្រិតខ្ពស់បំផុតនៃប្រព័ន្ធ ៤ ថ្នាក់។

ទីភ្នាក់ងារនេះបានបន្ថែមថា អាជ្ញាធរបានដាក់តំបន់ហាមឃាត់ចន្លោះពី ៧ ទៅ ៨ គីឡូម៉ែត្រជុំវិញភ្នំភ្លើង។ កាលពីខែវិច្ឆិកា ភ្នំភ្លើង Lewotobi Laki-Laki បានផ្ទុះឡើងជាច្រើនដង ដោយបានសម្លាប់ មនុស្ស ៩ នាក់ ដោយបានលុបចោលជើងហោះហើរអន្តរជាតិ ជាច្រើនទៅកាន់កោះទេសចរណ៍បាលី និងបង្ខំមនុស្សរាប់ពាន់នាក់ឲ្យជម្លៀសចេញ ៕

Most Popular

To Top