ភូកេត៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា រថយន្តក្រុងទេសចរណ៍មួយគ្រឿងបានក្រឡាប់ស្ថិតនៅតំបន់គោលដៅទេសចរណ៍ដ៏ពេញនិយមរបស់ប្រទេសថៃ នៅខេត្តភូកេតកាលពីចុងសប្តាហ៍មុន ដែលបណ្តាលឲ្យមនុស្សចំនួន ៤១ នាក់បានរងរបួស ក្នុងនោះមានអ្នកទេសចរជបជាតិរុស្ស៊ីមានចំនួន ៣១នាក់ផងដែរ។
Thaiger បានរាយការណ៍ថា គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង៥ និង១០នាទីល្ងាច កាលពីថ្ងៃសៅរ៍នៅលើផ្លូវ Kamala-Patong នៅពេលរថយន្តក្រុងដែលដំណើរការដោយ Anex Tour បានជួបប្រទះនឹងបញ្ហាហ្វ្រាំងដែលបណ្តាលឱ្យវាក្រឡាប់។ ភ្នាក់ងារសង្គ្រោះបន្ទាន់បានបញ្ជូនអ្នកទេសចរដែលរងរបួស រួមជាមួយនឹងអ្នកបើកបរ និងមគ្គុទ្ទេសក៍ទេសចរណ៍ទៅកាន់មន្ទីរពេទ្យ Patong ដើម្បីព្យាបាលភ្លាមៗ។
សារព័ត៌មាន Phuket News បានរាយការណ៍ថា អាជ្ញាធរខេត្តភូកេត បាននិយាយថា ឧបទ្ទវហេតុនេះបានបង្កឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងនៅក្នុងតំបន់ជុំវិញ ដែលប៉ះពាល់ដល់អ្នកដំណើរក្នុងស្រុក និងអ្នកទេសចរដូចគ្នា។
Chalermpong Saengdee តំណាងសភាភូកេត បាននិយាយថា ជាផ្នែកមួយនៃការស៊ើបអង្កេតដែលកំពុងបន្ត ប៉ូលីសបានធ្វើតេស្តជាតិអាល់កុលលើអ្នកបើកបររថយន្តក្រុង៕
