ព័ត៌មានអន្តរជាតិ

ក្រុមអ្នកផលិតភាពយន្តភ័យរន្ធត់រងការរិះគន់ ចំពោះការប្រើរថយន្តសង្គ្រោះបន្ទាន់ដឹកក្រុមតារាសម្តែង ដោយគ្មានការអនុញ្ញាតនៅទីក្រុងហូជីមិញ

VN Express

ទីក្រុងហូជីមិញ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា រថយន្តសង្គ្រោះបន្ទាន់ដែលប្រទះឃើញដឹកក្រុមតារាសម្ដែងចូលការដាក់ចាក់បញ្ចាំងភាពយន្តនៅទីក្រុងហូជីមិញ បានបង្កឲ្យមានការខឹងសម្បារជាសាធារណៈ បន្ទាប់ពីមន្ត្រីបានបញ្ជាក់ថា រថយន្តនេះមិនមានច្បាប់អនុញ្ញាត និងមានប្រវត្តិរំលោភបំពាន។

លោក Tang Chi Thuong ប្រធានមន្ទីរសុខាភិបាលទីក្រុងហូជីមិញ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រថយន្តសង្គ្រោះដែលប្រើសម្រាប់ដឹកក្រុមតារាសម្តែង ទៅចូលរួមព្រឹត្តិការណ៍ផ្សព្វផ្សាយភាពយន្តភ័យរន្ធត់វៀតណាមមិនត្រូវបានអនុញ្ញាតសម្រាប់សេវាសង្គ្រោះបន្ទាន់នោះឡើយ។

កាលពីថ្ងៃពុធ វីដេអូដែលផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីរថយន្តសង្គ្រោះបន្ទាន់មកដល់ផ្សារទំនើបមួយនៅផ្លូវ Cao Thang ជាមួយនឹងភ្លើងស៊ីរ៉ែន និងភ្លើងសង្គ្រោះបន្ទាន់ត្រូវបានធ្វើឲ្យសកម្ម ទាក់ទាញការចាប់អារម្មណ៍ពីសាធារណជន។ វីដេអូទាំងនេះទាក់ទាញការរិះគន់យ៉ាងរហ័សតាមអ៊ីនធើណេត ដោយអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមបានថ្កោលទោសចំពោះការប្រើប្រាស់ធនធានសង្គ្រោះបន្ទាន់មិនត្រឹមត្រូវរបស់ក្រុមការងារភាពយន្ត។

មណ្ឌលសុខភាពក្រុងបានបង្ហាញថា រថយន្តសង្គ្រោះនេះពីមុនត្រូវបានផាកពិន័យកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤។ រថយន្តនេះត្រូវបានចុះបញ្ជីដំបូងនៅក្រុមហ៊ុន Phuoc Duc ដែលមានការអនុញ្ញាតសម្រាប់ការប្រើប្រាស់រថយន្តសង្គ្រោះបន្ទាន់ ទោះជាយ៉ាងណា ក្រុមហ៊ុនត្រូវបានរំលាយចោល បន្ទាប់ពីមានការរំលោភបំពានលើកមុន។

លោក Nguyen Duy Long នាយកមជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ ១១៥ នៃទីក្រុងហូជីមិញបានសង្កត់ធ្ងន់លើភាពធ្ងន់ធ្ងរនៃការប្រើប្រាស់រថយន្តសង្គ្រោះបន្ទាន់ខុស។ លោកបន្ថែមថា ហេតុការណ៍បែបនេះអាចបំផ្លាញទំនុកចិត្តសាធារណៈ និងរំខានដល់សណ្តាប់ធ្នាប់ ដែលប៉ះពាល់ជាអវិជ្ជមានដល់កេរ្តិ៍ឈ្មោះវិស័យថែទាំសុខភាព៕

Most Popular

To Top