បរទេស៖ ចៅក្រមសហព័ន្ធនៅថ្ងៃពុធបានរកឃើញថា កំដៅខ្លាំងនៅក្នុងពន្ធនាគាររដ្ឋតិចសាស់គឺ “មិនស្របតាមរដ្ឋធម្មនុញ្ញ” ប៉ុន្តែបានបដិសេធមិនបញ្ជាឱ្យរដ្ឋចាប់ផ្តើមដំឡើងម៉ាស៊ីនត្រជាក់ភ្លាមៗនោះឡើយ ដែលអាចចំណាយអស់រាប់ពាន់លាន។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ចៅក្រមបានបញ្ជាក់ពីការអះអាងដែលនាំមកដោយអ្នកតស៊ូមតិរបស់អ្នកដែលត្រូវបានជាប់ឃុំនៅក្នុងរដ្ឋនេះ ដែលកំដៅរដូវក្តៅតែងតែកើនឡើងលើសពី ១០០ អង្សាហ្វារិនហៃ ស្មើនឹង ៣៨ អង្សាសេ) ប៉ុន្តែពួកគេនឹងត្រូវបន្តដាក់សម្ពាធលើបណ្តឹងរបស់ពួកគេនៅពេលក្រោយក្នុងសវនាការ។
ពាក្យបណ្តឹងដំបូងត្រូវបានប្តឹងនៅឆ្នាំ២០២៣ ដោយលោក Bernie Tiede អតីតអ្នកប្រកបរបរបូជាសពដែលកាត់ទោសឱ្យជាប់គុកអស់មួយជីវិត ដែលករណីឃាតកម្មបំផុសគំនិតរឿង “Bernie” ។ ក្រុមសិទ្ធិអ្នកទោសជាច្រើនបន្ទាប់មក បានស្នើឱ្យចូលរួមការតស៊ូផ្លូវច្បាប់ និងពង្រីកវា។ បណ្តឹងនេះលើកហេតុផលថា កំដៅក្នុងបរិក្ខាររបស់រដ្ឋ ស្មើនឹងការដាក់ទណ្ឌកម្មយ៉ាងឃោរឃៅ និងមិនធម្មតា ហើយស្វែងរកការបង្ខំឱ្យរដ្ឋដំឡើងម៉ាស៊ីនត្រជាក់។
លោក Jeff Edwards មេធាវីនាំមុខសម្រាប់អ្នកទោស និងអ្នកតស៊ូមតិ បានហៅដីការបស់ចៅក្រមថា ជាជ័យជំនះ បើទោះបីជាវាមិនតម្រូវឱ្យមានការដោះស្រាយជាបន្ទាន់ក៏ដោយ។
លោក Edwards បាននិយាយថា “យើងបានបង្ហាញពីករណីរបស់យើង” ។ “តុលាការបានបញ្ជាក់យ៉ាងច្បាស់ថា អ្វីដែលរដ្ឋកំពុងធ្វើគឺមិនស្របតាមរដ្ឋធម្មនុញ្ញ និងបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដែលពួកគេត្រូវបានការពារ… នេះជាជំហានមួយក្នុងការផ្លាស់ប្តូរប្រព័ន្ធពន្ធនាគាររដ្ឋតិចសាស់”។
សូមជម្រាបថា រដ្ឋតិចសាស់មានមនុស្សជាង ១៣០.០០០ នាក់កំពុងជាប់នៅក្នុងពន្ធនាគារ ច្រើនជាងរដ្ឋណាទាំងអស់នៅក្នុងសហរដ្ឋអាមេរិក ។ មានតែប្រហែលមួយភាគបីនៃអង្គភាពពន្ធនាគារប្រហែល ១០០ ប៉ុណ្ណោះ ដែលមានម៉ាស៊ីនត្រជាក់ពេញលេញ ហើយនៅសល់ គឺផ្នែកលើផ្នែក ឬគ្មានអគ្គិសនី៕
ប្រែសម្រួលៈ ណៃ តុលា
