បរទេស៖ បុរសម្នាក់បានស្លាប់នៅក្នុងរដ្ឋ Washington កាលពីថ្ងៃអាទិត្យ នៅពេលដែលគាត់បានលោតឆ័ត្រយោង ហើយបានធ្លាក់លើច្រាំងថ្មដែលចោទ បន្ទាប់ពីឆ័៍ត្រយោងរបស់គាត់មិនអាចបើកបានពេញលេញ។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ការិយាល័យតម្រួត Chelan County បាននិយាយថា បុរសអាយុ ៤៧ឆ្នាំមកពីទីក្រុង Entiat រដ្ឋ Washington បានស្លាប់ក្នុងអំឡុងពេលគ្រោះថ្នាក់BASE jumping កាលពីព្រឹកថ្ងៃអាទិត្យនៅផ្នែកកណ្តាលរបស់រដ្ឋ។
BASE jumping គឺជាសកម្មភាពដែលមានហានិភ័យខ្ពស់ដែលពាក់ព័ន្ធនឹងការលោតឆ័ត្រយោងពីចំណុចនឹង ដូចជាច្រាំងថ្មចោទ ស្ពាន ឬអគារ។
ការិយាល័យតម្រួតបាននិយាយថា ជនរងគ្រោះកំពុងលោតឆ័ត្រយោង ពេលលោតនោះ គឺឆ័ត្រយោងមិនគ្រលាស់បើក។ សាក្សីបាននិយាយថា គាត់បានធ្លាក់ទៅបុកនឹងច្រាំងថ្ម។ គាត់បានធ្លាក់ប្រហែលទីកម្ពស់ ២០០ ម៉ែត្រ ដល់ដី ហើយបានរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានគេប្រកាសថាស្លាប់នៅនឹងកន្លែងកើតហេតុ ។
សូមជម្រាបថា កាលពីឆ្នាំមុន ក៏មានបុរសម្នាក់បានស្លាប់ នៅឧទ្យានជាតិ Grand Canyon ក្នុងរដ្ឋ Arizona បន្ទាប់ពីព្យាយាមលោត BASE jump ដែលមានហានិភ័យខ្ពស់ពីទីតាំងដែលគេស្គាល់ថា Yavapai Point ៕
ប្រែសម្រួលៈ ណៃ តុលា
