ថៃ៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនធានារ៉ាប់រងថៃ អាចនឹងប្រឈមមុខ នឹងការសងប្រាក់រាប់ សិបលានដុល្លារអាមេរិក បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំង មួយក្នុងប្រទេស មីយ៉ាន់ម៉ា បណ្តាលឲ្យមានការ ខូចខាត រួមទាំងការដួលរលំនៃអគារ ៣៤ ជាន់ដែលកំពុងសាងសង់ នៅទីក្រុងបាងកក។
នេះបើយោងតាមកាសែត The Nation បាននិយាយថា ឧបទ្ទវហេតុតែមួយគត់អាច បណ្តាលឲ្យមានការទាមទារ ធានារ៉ាប់រងលើសពី ១ ពាន់លានបាត (ប្រហែល ២៩ លានដុល្លារអាមេរិក)។ សំណង់ដែលដួលរលំនោះ គឺជាអគារការិយាល័យអគ្គសវនករថៃ ដែលសាងសង់បានប្រហែល ៣០ភាគរយ នៅពេលមានគ្រោះមហន្តរាយ ហើយមានថវិកាសាងសង់សរុបចំនួន ២.១ ពាន់លានបាត។
គម្រោងនេះត្រូវបានគ្របដណ្តប់ ក្រោមគោលនយោបាយធានារ៉ាប់រង លើហានិភ័យទាំងអស់ (CAR) មានតម្លៃ ២.២៤ ពាន់លានបាត ត្រូវបានធានារួមគ្នា ដោយក្រុមហ៊ុនធានារ៉ាប់រងចំនួន ៤ គឺក្រុមហ៊ុនធានារ៉ាប់រង Dhipaya (៤០ភាគរយ) ធានារ៉ាប់រងបាងកក (២៥ភាគរយ) ធានារ៉ាប់រងអាគ្នេយ៍ (ភាគរយ) និងក្រុមហ៊ុនធានារ៉ាប់រងវីរីយ៉ា (១០ភាគរយ) ។
លោក Apisit Anantanatarat នាយកប្រតិបត្តិនៃក្រុមហ៊ុន Bangkok Insurance បាននិយាយថា OIC និងក្រុមហ៊ុនធានារ៉ាប់រង ដែលពាក់ព័ន្ធបច្ចុប្បន្ន កំពុងធ្វើការវាយតម្លៃយ៉ាង ទូលំទូលាយលើការខូចខាត។ ទោះជាយ៉ាងណាក៏ដោយ លោកបានកត់សម្គាល់ថា ការប៉ាន់ប្រមាណបឋមបង្ហាញថា ការខូចខាតអាចលើសពី ១ ពាន់លានបាត ដោយផ្អែកលើវឌ្ឍនភាព នៃការសាងសង់នាពេលបច្ចុប្បន្ន”។
ការរញ្ជួយដីកម្រិត ៧.៧ រិចទ័រ បានវាយប្រហារប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រសប្តាហ៍មុន ដោយចំណុចកណ្តាល របស់វាស្ថិតនៅចម្ងាយប្រហែល ២០ គីឡូម៉ែត្រពីទីក្រុង Mandalay ។ គ្រោះរញ្ជួយដីដ៏ខ្លាំងក្លានេះ បានអង្រួនតំបន់កាន់តែ ទូលំទូលាយ ដែលបណ្តាលឲ្យផ្លូវប្រេះស្រាំ បាក់ស្រុតវត្តបុរាណ ស្ពានបាក់ និងបំផ្លាញផ្ទះសម្បែង។
តំបន់លំនៅដ្ឋានជាច្រើន ត្រូវបានគេរាយការណ៍ថាបានបំផ្លាញ ក្នុងរយៈពេលប៉ុន្មានវិនាទី។ រញ្ជួយក៏ត្រូវបានអ្នកស្រុក ក្នុងប្រទេសជិតខាងទទួល អារម្មណ៍ផងដែរ រួមមានថៃ ឥណ្ឌា ចិន និងវៀតណាម។ ប្រទេសថៃ ក្រុមហ៊ុនធានារ៉ាប់រង ផ្សេងទៀត ត្រូវបានគេរាយការណ៍ថា បានទទួលការទាមទារទាក់ទង នឹងអចលនទ្រព្យ ដែលរងផលប៉ះពាល់ ជាច្រើន រួមមានអគារខ្ពស់ៗ អគារការិយាល័យ ខុនដូ មន្ទីរពេទ្យ និង យានជំនិះនៅទីក្រុងបាងកក និងទីក្រុងធំៗផ្សេងទៀត រងផលប៉ះពាល់ដោយរញ្ជួយដីនេះ៕
