ជប៉ុន៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប៉ូលីសនៅខេត្ត Miyagi ក្នុងប្រទេសជប៉ុន បានបាត់បង់កាតមេម៉ូរី SD ចំនួន២០ ដែលមានរូបថតឧក្រិដ្ឋកម្មកំពុងធ្វើការស៊ើបអង្កេតប្រហែល ១,០០០ ដោយសារតែការបច្រឡំបោះចោល។
នេះបើយោងតាមកាសែត The Mainichi បាននិយាថា ប៉ូលីសប្រចាំខេត្ត Miyagi បានបញ្ជាក់អំពីឧបទ្ទវហេតុនេះកាលពីថ្ងៃទី២៦ ខែមីនា ដោយបញ្ជាក់ថា វាបានកើតឡើងនៅស្ថានីយ៍ប៉ូលីស Sendai Higashi ក្នុងទីក្រុង Sendai រដ្ឋធានីនៃខេត្ត ។
ការសម្ភាសន៍ជាមួយបុគ្គលិកបានបង្ហាញថា ការបាត់នេះត្រូវបានរកឃើញកាលពីថ្ងៃទី ២៨ ខែកុម្ភៈ អំឡុងពេលត្រួតពិនិត្យដោយមន្ត្រីមកពីផ្នែកសុវត្ថិភាពសហគមន៍របស់ស្ថានីយ៍។ ទោះបីជាកាតមេម៉ូរីត្រូវបានរក្សាទុកក្នុងឯកសារដែលបានកំណត់នៅស្ថានីយ៍ប៉ូលីសក៏ដោយ ពួកគេទំនងជាត្រូវបានគេបោះចោលដោយអចេតនា។
នេះបើតាមសារព័ត៌មាន NHKថា ប៉ូលីសបានកត់សម្គាល់ថា កាតមេម៉ូរីដែលបាត់មានរូបភាពទាក់ទងនឹងករណីចំនួន១៤ ដោយថតនៅចន្លោះឆ្នាំ២០១៨ និង២០២១ ។ រូបភាពទាំងនេះរួមមានរូបថតរបស់បុគ្គលចំនួន ២៣នាក់ រួមទាំងជនសង្ស័យ និងជនរងគ្រោះ ព្រមទាំងរូបភាពដែលមានព័ត៌មានលម្អិតផ្ទាល់ខ្លួន ដូចជាឈ្មោះ និងលេខទូរស័ព្ទ ។
ស្ថានីយ៍ប៉ូលីស Sendai Higashi បានចេញសេចក្តីជូនដំណឹងជាសាធារណៈនៅលើគេហទំព័ររបស់ខ្លួនដោយបញ្ជាក់ថា គ្មានករណីនៃការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនខុសត្រូវបានបញ្ជាក់ទេ ប៉ុន្តែលទ្ធភាពនៃការលេចធ្លាយទិន្នន័យមិនអាចបដិសេធបានទេ។ ស្ថានីយ៍ប៉ូលីសបានបង្កើតសេវាប្រឹក្សាយោបល់ និងផ្តល់លេខទូរស័ព្ទទាន់ហេតុការណ៍សម្រាប់អ្នកដែលអាចរងផលប៉ះពាល់ ឬមានការព្រួយបារម្ភពីឧប្បត្តិហេតុនេះ៕
