មីយ៉ាន់ម៉ា ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្រុមអ្នកជួយសង្គ្រោះ ពីកងទ័ពប្រជាជនវៀតណាម បច្ចុប្បន្នកំពុងចូលរួម កិច្ចខិតខំប្រឹងប្រែង សង្គ្រោះគ្រោះរញ្ជួយដី នៅប្រទេសមីយ៉ាន់ម៉ា បានប្រណាំងប្រជែងពេលវេលា ដើម្បីជួយសង្គ្រោះអ្នកនៅរស់រាន មានជីវិតកាលពីថ្ងៃពុធ។
ខណៈកំពុង ធ្វើប្រតិបត្តិការ ជួយសង្គ្រោះនៅមន្ទីរពេទ្យ Ottara Thiri ក្នុងទីក្រុង Nay Pyi Taw ក្រុមជួយសង្គ្រោះ បានទទួលព័ត៌មានថា មនុស្សម្នាក់ជាប់នៅក្រោមគំនរបាក់បែកនៃគ្រោះរញ្ជួយដីនៅមានជីវិតនៅឡើយ។ ភ្លាមៗនោះ បុគ្គលិកយោធាដែលមានបទពិសោធន៍ និងកាយ សម្បទារឹងមាំចំនួន ៦ នាក់ ត្រូវបានប្រគល់ភារកិច្ច ឲ្យសម្របសម្រួលជាមួយ កងកម្លាំងស្វែងរក និង ជួយសង្គ្រោះមកពីប្រទេសទួរគី និងមីយ៉ាន់ម៉ា ដើម្បីស្វែងរកមធ្យោបាយ ជួយសង្គ្រោះ ជនរងគ្រោះ។
ជនរងគ្រោះជាបុរសអាយុ២៦-២៧ឆ្នាំ ជាប់ក្នុងសណ្ឋាគារ Aye Chan Thar ក្នុងទីក្រុង Nay Pyi Taw ។ ពេលក្រុមអ្នកជួយ សង្គ្រោះទៅដល់កន្លែង ដែលជនរងគ្រោះជាប់ ជនរងគ្រោះនៅតែអាចនិយាយបាន។ គាត់បាននិយាយថា គាត់មានសុខភាពល្អ ប៉ុន្តែខ្វះអាហារ និងទឹក ។ កិច្ចខិតខំប្រឹងប្រែងទាំងអស់ កំពុងត្រូវបានធ្វើឡើង ដើម្បីស្វែងរកផ្លូវចូលទៅជិតបំផុត ដើម្បីនាំជនរងគ្រោះចេញ មកដោយសុវត្ថិភាព។
៥ថ្ងៃបន្ទាប់ពីការរញ្ជួយដីដ៏សាហាវ បានវាយប្រហារភាគកណ្តាល នៃប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ២៨ ខែមីនា ប្រជាជនរាប់ម៉ឺននាក់ក្នុងទីក្រុង Nay Pyi Taw នៅតែរស់នៅដោយគ្មានទីជម្រក តស៊ូជាមួយការខ្វះខាតអគ្គិសនី ទឹក និងតម្រូវការផ្សេងៗទៀត ។
ដើម្បីឆ្លើយតបនឹងស្ថានភាពនេះ ក្រុមសង្គ្រោះរបស់ក្រសួង សន្តិសុខសាធារណៈវៀតណាម មិនត្រឹមតែផ្តោត ទៅលើប្រតិបត្តិការរុករក និង ជួយសង្គ្រោះប៉ុណ្ណោះទេ ថែមទាំងបានពង្រាយកម្លាំង កិច្ចការដើម្បីជួយប្រជាពលរដ្ឋ ក្នុងការរក្សាលំនឹងជីវិតរបស់ពួកគេ នៅជម្រកបណ្តោះអាសន្នផងដែរ៕
