ព័ត៌មានអន្តរជាតិ

លោក Mark Zuckerberg ទិញផ្ទះវីឡាតម្លៃ ២៣ លានដុល្លារនៅជិតសេតវិមាន

RT News

អាមេរិក៖ មហាសេដ្ឋី និងនាយកប្រតិបត្តិក្រុមហ៊ុន បច្ចេកវិទ្យាយក្សអាមេរិក Meta លោក Mark Zuckerberg ត្រូវបានបញ្ជាក់ថា លោកបានទិញផ្ទះវីឡាមួយមានតម្លៃ ២៣ លានដុល្លារនៅទីក្រុង Washington, DC ដោយគ្រាន់តែបើកបរ ១៥ នាទីពីសេតវិមាននឹងមកដល់ផ្ទះលោកហើយ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។

យោងតាមPage Six បានប្រាប់ឲ្យដឹងថា ការទិញនេះបានឆ្លុះបញ្ចាំងពីនិន្នាការកើនឡើង នៃនាយកប្រតិបត្តិបច្ចេកវិទ្យាដែលកំពុងស្វែងរក ការបង្កើតមូលដ្ឋាននៅរដ្ឋធានីក្នុងអំឡុងពេល អាណត្តិទី២របស់ប្រធានាធិបតីលោក Donald Trump ។ ផ្ទះវីឡាដ៏ធំទូលាយនេះក៏នៅជិតលំនៅដ្ឋានផ្លូវការរបស់អនុប្រធាន JD Vance នៅ Naval Observatory។

Politico បានរាយការណ៍ថា អចលនទ្រព្យដែលបាន ទិញកាលពីខែមីនាតាមរយៈ Delaware LLC ជាមួយនឹងកិច្ចព្រមព្រៀងសាច់ប្រាក់ទាំងអស់ គឺជាការទិញផ្ទះមានតម្លៃ ថ្លៃបំផុតទី២ក្នុងប្រវត្តិសាស្រ្តរបស់ទីក្រុង Washington, DC។

អ្នកនាំពាក្យក្រុមហ៊ុន Meta បានបញ្ជាក់ប្រតិបត្តិការ នេះដោយប្រាប់កាសែតPostថា លោក Mark និងលោកស្រី Priscilla បានទិញផ្ទះវិឡានៅទីក្រុង Washington, DC នឹងធ្វើឲ្យលោក Mark ចំណាយពេលច្រើននៅទីនោះ ខណៈ Meta បន្តការងារលើបញ្ហាគោលនយោបាយទាក់ទង នឹងភាពជាអ្នកដឹកនាំបច្ចេកវិទ្យារបស់អាមេរិក។

ផ្ទះវិឡាមានទំហំ ១៤,០០០ ហ្វីតការ៉េ ដែលរចនាដោយស្ថាបត្យករ ក្នុងស្រុកដ៏ល្បីល្បាញ Robert M. Gurney ស្ថិតនៅលើទីតាំងផ្ទះមុនតម្លៃ ៥.១៥ លានដុល្លារ ត្រូវបានវាយកម្ទេចកាលឆ្នាំ ២០១៣ ។ លំនៅដ្ឋានថ្មីនេះមានបន្ទប់គេង ៥ បន្ទប់ទឹក ៧ ផ្ទះបាយ១ និងចើងភ្លើងចំនួន ៣ ។

ផ្ទះមានផ្នែក ៣ ផ្សេងគ្នាភ្ជាប់ដោយផ្លូវដើរដែល គ្របដណ្តប់ដោយកញ្ចក់ ផ្ទះរួមបញ្ចូលគ្នានូវការរចនាបែបទំនើប ជាមួយនឹងធាតុបែបបុរាណដូចជាដំបូលប្រក់ក្បឿង បំពង់ផ្សែងខ្ពស់ និងបង្អួចដែលធ្វើពីដែក។ ផ្នែកខាងក្រៅប្រើប្រាស់សម្ភារៈប្រើប្រាស់បានយូរ ដូចជាជញ្ជាំងឥដ្ឋ និងថ្មកំបោរ ដំបូលប្រក់ស័ង្កសី បង្អួចដែកស្រោបដោយម្សៅ និងស្រោបទង់ដែង៕

Most Popular

To Top