ព័ត៌មានអន្តរជាតិ

អ្នកទេសចរចិនត្រូវចោទប្រកាន់ពីបទសូកប៉ាន់មន្ត្រីសិង្ហបុរីទឹកប្រាក់ ៣៨ដុល្លារ បន្ទាប់ពីចាប់ខ្លួនលោកកំពុងជក់បារីនៅតំបន់ហាមឃាត់

VB Express

សិង្ហបុរី៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា បុរសជនជាតិចិនម្នាក់ត្រូវបានចោទប្រកាន់ក្នុងតុលាការ កាលពីសប្តាហ៍មុនពីបទផ្តល់សំណូកដល់មន្ត្រីសិង្ហបុរីដើម្បីគេចពីការពិន័យ បន្ទាប់ពីត្រូវបានចាប់ខ្លួនលោកនៅពេលលោកកំពុងជក់បារី នៅតំបន់ដែលមិនត្រូវបានកំណត់ក្នុងទីក្រុង។

នេះបើយោងតាមសារព័ត៌មាន Channel News Asia បាននិយាយថា  លោក Huang Qiulin អាយុ ៤១ឆ្នាំ កំពុងស្ថិតក្រោមការស៊ើបអង្កេតពីបទពុករលួយក្នុងការផ្តល់សំណូក ជាឧក្រិដ្ឋកម្មដែលផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ៥ឆ្នាំ ពិន័យជាប្រាក់រហូតដល់ ១០០,០០០ ដុល្លារសិង្ហបុរី ឬទាំង២។

នេះបើយោងតាមការិយាល័យស៊ើបអង្កេតការអនុវត្តអំពើពុករលួយបាននិយាយថា លោក Huang បានទៅលេងប្រទេសសិង្ហបុរីកាលពីថ្ងៃទី២៦ ខែមីនា កំពុងជក់បារីនៅខាងក្រៅមជ្ឈមណ្ឌលផ្សារទំនើបមួយនៅផ្លូវ Orchard ដែលជាទីតាំងហាមឃាត់ការជក់បារី។  ចាប់តាំងពីខែមករា ឆ្នាំ២០១៩ ការជក់បារីត្រូវបានហាមប្រាមនៅតាមទីសាធារណៈនៅតាមបណ្តោយផ្លូវ Orchard លើកលែងតែតំបន់ជក់បារីដែលបានកំណត់។

លោក Huang ត្រូវបានគេចោទប្រកាន់ថា បានព្យាយាមសូកប៉ាន់មន្ត្រីអនុវត្តច្បាប់ចំនួន៥០ ដុល្លារសិង្ហបុរី (៣៨ ដុល្លារអាមេរិក) ជាថ្នូរនឹងការជៀសវាងការផាកពិន័យ។ ទោះជាយ៉ាងណា មន្ត្រីរូបនេះបានច្រានចោលការសូកប៉ាន់។

លោក Huang បាននិយាយថា លោកនឹងទទួលទោសកំហុស ហើយត្រូវបានដោះលែងឲ្យនៅក្រៅឃុំក្នុងតម្លៃ ៥០០០ដុល្លារសិង្ហបុរី។ លោកនឹងចូលបំភ្លឺនៅតុលាការម្តងទៀតនៅថ្ងៃទី១៥ ខែឧសភា។

នៅក្រោមច្បាប់របស់ប្រទេសសិង្ហបុរី បុគ្គលដែលចាប់បានជក់បារីនៅក្នុងតំបន់ហាមឃាត់អាចប្រឈមនឹងការផាកពិន័យជាប្រាក់ចំនួន ២០០ដុល្លារសិង្ហបុរី។ ប្រសិនបើត្រូវបានកាត់ទោសនៅតុលាការ ការផាកពិន័យអាចនឹងត្រូវបានបង្កើនដល់ទៅ ១,០០០ដុល្លារសិង្ហបុរី៕

Most Popular

To Top