ចៅក្រមសហព័ន្ធលោក Royce C. Lamberth នៅតុលាការស្រុក សហរដ្ឋអាមេរិកសម្រាប់ស្រុកកូឡុំប៊ី បានចេញសេចក្តីសម្រេច កាលពីថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០២៥ ដើម្បីទប់ស្កាត់រដ្ឋបាល របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ពីការបិទ ឬរំលាយស្ថានីយផ្សាយ សំឡេងសហរដ្ឋអាមេរិក (Voice of America – VOA) និងបណ្តាញផ្សាយផ្សេងទៀត ដែលគាំទ្រដោយរដ្ឋាភិបាល សហរដ្ឋអាមេរិក។
សេចក្តីសម្រេចនេះ ជាការឆ្លើយតបទៅនឹងបណ្តឹងផ្លូវច្បាប់ ដែលដាក់ឡើងដោយបុគ្គលិក VOA និងអង្គការសារព័ត៌មាន ផ្សេងទៀត ដែលអះអាងថា ការប៉ុនប៉ងបិទស្ថានីយនេះ រំលោភលើច្បាប់ និងរដ្ឋធម្មនុញ្ញ ។
កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ លោក ត្រាំ បានចេញបទបញ្ជា ប្រតិបត្តិមួយ ដែលបញ្ជាឱ្យកាត់បន្ថយមូលនិធិ និងរំលាយទីភ្នាក់ងារ សហរដ្ឋអាមេរិក សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ សកល (U.S. Agency for Global Media – USAGM) ដែលជាស្ថាប័នមេរបស់ VOA និងស្ថានីយផ្សាយអន្តរជាតិ ផ្សេងទៀតដូចជា Radio Free Asia និង Middle East Broadcasting Networks។ បទបញ្ជានេះបានដាក់បុគ្គលិកជាង ១,៣០០ នាក់ រួមទាំងអ្នកសារព័ត៌មានប្រមាណ ១,០០០ នាក់ ឱ្យស្ថិតក្នុងស្ថានភាព ឈប់សម្រាករដ្ឋបាល (administrative leave) និងបានបញ្ឈប់កិច្ចសន្យា ជាមួយបុគ្គលិកផ្សេងទៀត ប្រមាណ ៥០០ នាក់។
ទោះបីជាសេចក្តីសម្រេចនេះ គឺជាដំណោះស្រាយបណ្តោះអាសន្ន (preliminary injunction) ក៏ដោយ វាអនុញ្ញាតឱ្យ VOA និងបណ្តាញផ្សេងទៀត បន្តដំណើរការខណៈពេលដែលសំណុំរឿងនៅតែបន្តនៅក្នុងតុលាការ។ រដ្ឋបាល ត្រាំ ត្រូវបានអនុញ្ញាត ឱ្យប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសេចក្តីសម្រេចនេះ ប៉ុន្តែអ្នកវិភាគជាច្រើនជឿថា ការប៉ុនប៉ងរំលាយស្ថានីយទាំងនេះ នឹងជួបឧបសគ្គផ្លូវច្បាប់យ៉ាងសំខាន់ ដោយសារការគាំទ្រពីសភាទាំងសងខាង៕
