ព័ត៌មានអន្តរជាតិ

កូនស្រី របស់អតីតប្រធានាធិបតី Moon បានប្តឹងឧទ្ធរណ៍ ចំពោះការផាកពិន័យ ការបើកបរក្នុង ស្ថានភាពស្រវឹង និងអាជីវកម្ម ផ្ទះសំណាក់ខុសច្បាប់

Yonhap News

កូរ៉េខាងត្បូង ៖ នេះយោងតាមការចេញផ្សាយ ពីគេហទំព័រ koreajoongangdaily បានប្រាប់ឲ្យដឹងថា អ្នកនាង Moon Da-hye កូនស្រីរបស់អតីតប្រធានាធិបតី កូរ៉េខាងត្បូង លោក Moon Jae-in បានប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេច របស់តុលាការបានដាក់ពិន័យ ក្នុងការកាត់ក្តីលើកដំបូងរបស់នាង ជុំវិញការចោទប្រកាន់ពីបទ បើកបរក្នុងស្ថានភាពស្រវឹង និងប្រតិបត្តិការអាជីវកម្មផ្ទះសំណាក់ខុសច្បាប់។

នេះបើយោងតាមប្រភព ច្បាប់ កាលពីថ្ងៃចន្ទបាននិយាយថា ក្រុមមេធាវីរបស់អ្នកនាង Moon បានដាក់សេចក្តីជូនដំណឹង អំពីការប្តឹងឧទ្ធរណ៍ ទៅតុលាការ កាលពីថ្ងៃព្រហស្បតិ៍ ។ ព្រះរាជអាជ្ញាក៏បានដាក់បណ្តឹងសាទុក្ខដោយខ្លួនឯងកាលពីថ្ងៃពុធ ដោយលើកហេតុផលថា ការកាត់ទោសនេះមានភាពធូរ ស្រាលពេក ដោយសារកាលៈទេសៈ រយៈពេល និងភាពធ្ងន់ធ្ងរនៃឧក្រិដ្ឋកម្ម។

កាលពីថ្ងៃទី ១៧ ខែមេសា តុលាការក្រុងសេអ៊ូលខាងលិច បានកាត់ទោស អ្នកនាង Moon ដោយពិន័យ ជាប្រាក់ចំនួន ១៥ លានវ៉ុន (១០,៣៩៥ ដុល្លារអាមេរិក) សម្រាប់ការបំពានច្បាប់ចរាចរណ៍ផ្លូវគោក និងច្បាប់គ្រប់គ្រងសុខភាពសាធារណៈ ។

អ្នកនាង Moon ត្រូវបានចោទ ប្រកាន់ពីបទបើកបរក្រោមឥទ្ធិពលកាលពីខែតុលាឆ្នាំមុន នៅពេលអ្នកនាងបានបុកជាមួយតាក់ស៊ី ខណៈពេលកំពុងប្តូរផ្លូវនៅ មុខសណ្ឋាគារ Hamilton ក្នុងទីក្រុង Itaewon ស្រុក Yongsan កណ្តាលទីក្រុងសេអ៊ូល ។ នៅពេលមានគ្រោះថ្នាក់ កំហាប់ជាតិអាល់កុលក្នុងឈាម របស់អ្នកនាង Moon ត្រូវបានវាស់នៅ ០.១៤៩ ភាគរយ ដែលលើសពីកម្រិត ០.០៨ ភាគរយសម្រាប់ការដកហូត អាជ្ញាប័ណ្ណ។

ព្រះរាជអាជ្ញាក៏បានចោទ ប្រកាន់អ្នកនាង Moon ពីអាជីវកម្មផ្ទះសំណាក់ខុសច្បាប់ ដោយចោទប្រកាន់ថា អ្នកនាងបានបើកការិយាល័យ និងផ្ទះវីឡារបស់អ្នក នាងនៅស្រុក Yeongdeungpo ភាគខាងលិចទីក្រុងសេអ៊ូល ក៏ដូចជាផ្ទះឯកជនមួយនៅ Hyeopjae-ri ទីក្រុង Jeju ជាកន្លែងស្នាក់នៅគ្មានការអនុញ្ញាត៕

Most Popular

To Top