ព័ត៌មានអន្តរជាតិ

កងទ័ពជើងទឹកសហរដ្ឋអាមេរិក បាត់បង់យន្តហោះចម្បាំង F/A-18E Super Hornet អំឡុងពេលនៃការវាយប្រហាររបស់ក្រុមឧទ្ទាម ហួធី

xinhua

បរទេស៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានបាត់បង់យន្តហោះចម្បាំង F/A-18E Super Hornet និងយានយន្តសណ្តោង បន្ទាប់ពីយន្តហោះចម្បាំង និងយានសណ្តោងទាំងពីរបានធ្លាក់ពីលើនាវា USS Harry S. Truman ។ នាវាផ្ទុកយន្តហោះដែលជាផ្នែកមួយនៃ ក្រុមវាយប្រហាររបស់ទីក្រុងវ៉ាស៊ីនតោន នៅសមុទ្រក្រហមត្រូវបានគេរាយការណ៍ថា កំពុងធ្វើសមយុទ្ធដើម្បីគេចពីការវាយប្រហារ ដោយមីស៊ីលពីក្រុមឧទ្ទាម ហួធី ដែលមានមូលដ្ឋាននៅប្រទេសយេម៉ែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ឧប្បត្តិហេតុនេះបានកើតឡើង កាលពីថ្ងៃចន្ទនៅក្នុងសមុទ្រក្រហមដែលក្រុម Truman Carrier Strike Group កំពុងបើកការវាយឆ្មក់ទម្លាក់គ្រាប់បែកប្រឆាំងនឹងក្រុមឧទ្ទាមយេម៉ែន។ ខណៈពេលដែលកងទ័ពជើងទឹកបានរាយការណ៍ថា នាវិកម្នាក់បានរងរបួសបន្តិចបន្តួច វាមិនបាននិយាយអំពីការគំរាមកំហែងរបស់ក្រុមឧទ្ទាម ហួធី នោះទេ។

ទោះបីជាយ៉ាងណាក៏ដោយ ចាប់តាំងពីពេលនោះមក សារព័ត៌មានជាច្រើនបានដកស្រង់ប្រភពអនាមិក ដែលភ្ជាប់ឧប្បត្តិហេតុទៅនឹងការវាយប្រហាររបស់ពួកឧទ្ទាម។ នៅថ្ងៃដដែលនោះ ក្រុមឧទ្ទាមហួធី បានអះអាងថា បានប្រើយន្តហោះគ្មានមនុស្សបើក និងមីស៊ីល វាយប្រហារសំដៅលើកងកម្លាំងអាមេរិក។

សហរដ្ឋអាមេរិកកំពុងទម្លាក់គ្រាប់បែកលើក្រុមឧទ្ទាមនេះ ក្នុងការសងសឹកចំពោះការគំរាមកំហែង របស់ពួកគេក្នុងការធ្វើនាវាចរណ៍នៅក្នុងសមុទ្រក្រហម ដោយបានកំណត់គោលដៅលើនាវា ដែលពួកគេភ្ជាប់ជាមួយអ៊ីស្រាអែល។ ការអះអាងរបស់ក្រុមឧទ្ទាម ហួធី គឺកំពុងឆ្លើយតបនឹងការបំផ្លិចបំផ្លាញ របស់អ៊ីស្រាអែលលើតំបន់ Gaza ដែលត្រូវបានបញ្ឆេះដោយការវាយឆ្មក់ យ៉ាងសាហាវដែលធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas ក្នុងខែតុលា ឆ្នាំ ២០២៣ ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top