ថៃ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា គូស្នេហ៍ជនជាតិប៉ូឡូញ ជាអ្នកទេសចរមួយគូ ត្រូវបានចាប់ខ្លួន នៅលើកោះទេសចរណ៍ Phangan របស់ប្រទេសថៃ បន្ទាប់ពីត្រូវបានគេចាប់បានឱបគ្នា ទំាងអាក្រាតកាយ នៅទីសាធារណៈដោយអះអាងថា ពួកគេគ្រាន់តែចង់បង្ហាញ ពីសេចក្តីស្រឡាញ់ របស់ពួកគេតែប៉ុណ្ណោះ ។
នេះបើយោងតាមមេប៉ូលីសកោះ Phangan លោក Apichart Chansamret បានប្រាប់កាសែត Bangkok Post ថា អ្នកទាំង២នាក់មានអាយុ ២៤ ឆ្នាំ និង ២៧ ឆ្នាំ ត្រូវបានគេប្រទះឃើញជាលើកដំបូងនៅថ្ងៃទី ២៨ ខែមេសា ដោយឱបគ្នាដោយគ្មានសំលៀកបំពាក់ (អាក្រាតកាយ) នៅកណ្តាលផ្លូវ Ban Tai ។ មិនយូរប៉ុន្មាន ពួកគេត្រូវបានគេឃើញដេកអាក្រាតម្តងទៀត នៅលើខ្សាច់នៃឆ្នេរ Ban Kai ក្បែរនោះ។
ប៉ូលិសបានណែ នាំគូស្នេហ៍ឲ្យស្លៀកពាក់មុននឹងចាប់ខ្លួន ក្នុងពេលសាកសួរ ជនជាតិប៉ូឡូញទាំង ២ នាក់បាននិយាយថា ពួកគេមានបំណង បង្ហាញ ការស្រលាញ់ចំពោះគ្នាទៅវិញទៅមក ។ ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរថៃបានរំលឹកពួកគេថា ការអាក្រាតកាយជាសាធារណៈ គឺជាបទល្មើសព្រហ្មទណ្ឌ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់រហូតដល់១៤៩ដុល្លារអាមេរិក និងទិដ្ឋាការ របស់គូស្នេហ៍ត្រូវបានដកហូតតាំងពីពេលនោះមក។
នេះបើយោងតាមកាសែត The Thaiger បាននិយាយថា ហេតុការណ៍នេះកើតឡើង ចំពេលមានករណីស្រដៀងគ្នានេះពាក់ព័ន្ធនឹងភ្ញៀវទេសចរបរទេស កាលពីថ្ងៃទី ២៩ ខែមេសា ជនបរទេសស្រវឹងម្នាក់ ត្រូវបានគេឃើញដើរស្រាត តាមដងផ្លូវនៃខេត្តភូកេត ខណៈម្នាក់ទៀតត្រូវបានគេប្រទះឃើញ គ្មានសម្លៀកបំពាក់ នៅក្បែរធនាគារបាងកកកាលពីថ្ងៃទី ១៦ ខែមេសា ៕
