នៅក្នុងខែមេសា ឆ្នាំ២០២៥នេះ ទីក្រុងហាងចូវ ខេត្តជឺជាំង ប្រទេសចិន បានក្លាយជាគោលដៅ ទេសចរណ៍ដ៏ទាក់ភ្នែក បំផុតមួយ ដោយសារផ្កាកុលាបជាង ២ លានដើមរីកស្គុសស្គាយ នៅលើផ្លូវ Highway ដែលលាតសន្ធឹងប្រវែង ៥០០ គីឡូម៉ែត្រ ។

យោងតាមគេហទំព័រ ehangzhou.gov.cn ផ្កាកុលាបជាង ២.១៥ លានដើម ដែលមានជាង ៤០ ពូជផ្សេងៗគ្នា ត្រូវបានដាំនៅតាមផ្លូវ Highway នៃទីក្រុងហាងចូវ ដែលបង្កើតបានជាទេសភាពដ៏អស្ចារ្យនៅរដូវផ្ការីកនៅខែមេសា។ គម្រោងនេះចាប់ផ្តើមតាំងពីឆ្នាំ២០០៩ ដោយអាជ្ញាធរទីក្រុង បានជ្រើសរើសពូជផ្កាកុលាប ដែលអាចរីកបានជាច្រើនរដូវ និងមានភាពធន់ទៅ នឹងអាកាសធាតុ ។ ក្នុងឆ្នាំ២០២៥ ទីក្រុងហាងចូវមានគោល បំណងផ្សព្វផ្សាយវប្បធម៌ ផ្កាកុលាបចិនទៅកាន់ឆាកអន្តរជាតិ និងចែករំលែកគំរូនៃការធ្វើទីក្រុង ឱ្យបៃតងនេះជាមួយពិភពលោក។

ទីក្រុងហាងចូវត្រូវបានចាត់ទុកជាទីក្រុងលំដាប់ទី១ នៅភាគខាងត្បូងប្រទេសចិនសម្រាប់ចំនួនផ្កាកុលាប។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គណៈប្រតិភូជាង ១៥០ មកពីខេត្តផ្សេងៗបានមកទស្សនកិច្ចនៅទីក្រុងនេះ ដើម្បីសិក្សាពីបទពិ សោធន៍ដាំផ្កាកុលាប ។ លទ្ធផលនេះបានជំរុញ ឱ្យទីក្រុងជាច្រើនទៀត នៅប្រទេសចិនចាប់ ផ្តើមដាំផ្កាកុលាប នៅតាមដងផ្លូវរបស់ពួកគេ។

សម្រាប់អ្នកដែលចង់ទស្សនាទេសភាព ផ្កាកុលាបដ៏អស្ចារ្យនេះ ខែមេសា និងដើមខែឧសភា ជាពេលវេលាដ៏ល្អបំផុត។ ទីក្រុងហាងចូវ មិនត្រឹមតែផ្តល់នូវទេសភាព ផ្កាដ៏ស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព និងភាពច្នៃប្រឌិត៕
