ព័ត៌មានអន្តរជាតិ

ម្ចាស់សាលាអន្តរជាតិអាមេរិកាំង វៀតណាម ត្រូវបានចាប់ខ្លួនពីបទរំខាន ដល់សណ្ដាប់ធ្នាប់សាធារណៈ

VN Express

វៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ម្ចាស់សាលាអន្តរជាតិអាមេរិកាំងវៀតណាម (AISVN) និងបក្សពួកត្រូវបានចាប់ខ្លួន ពីបទរំខានសណ្តាប់ធ្នាប់សាធារណៈ និងញុះញង់ឲ្យមានការបំផ្លិចបំផ្លាញនៅមុខខ្លោងទ្វារសាលា។

ប៉ូលិសទីក្រុងហូជីមិញ បាននិយាយថា លោកស្រី Nguyen Thi Ut Em អាយុ ៦២ ឆ្នាំ ម្ចាស់សាលា និងមនុស្ស២នាក់ទៀត គឺ Do Linh Phuong និង Nguyen Thanh Trieu កំពុងស្ថិតក្រោមការស៊ើបអង្កេតលើការចោទប្រកាន់ពីបទរំខានដល់សណ្តាប់ធ្នាប់សាធារណៈ។

ក្រុមអ្នកស៊ើបអង្កេតបានចោទប្រកាន់ថា កាលពីចុងខែមីនា ចំពេលមានជម្លោះលើការគ្រប់គ្រងសាលា លោកស្រី Em  និងបុគ្គលមួយក្រុមបានប្រមូលផ្តុំគ្នានៅច្រកទ្វារសាលា AISVN ហើយបង្កការរំខានដល់សាធារណជន ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។

អធិការក្រុងហូជីមិញក៏បានស្នើឲ្យប៉ូលីសស៊ើបអង្កេតលើការកៀងគរមូលធនខុសច្បាប់ដោយក្រុមហ៊ុន AISVN American International Education Joint Stock Company តាមរយៈកិច្ចសន្យាវិនិយោគកម្ចី និងការអប់រំដែលបានចុះហត្ថលេខាជាមួយឪពុកម្តាយរបស់សិស្ស។

សាលាអន្តរជាតិអាមេរិកាំងវៀតណាម AISVN បានបង្កើតឡើងក្នុងឆ្នាំ ២០០៦ ផ្តល់ជូននូវកម្មវិធីសិក្សាក្រោមកម្មវិធី International Baccalaureate (IB) ។

តម្លៃសិក្សាប្រចាំឆ្នាំមានចាប់ពី ២៨០-៣៨០ លានដុង (១១.000-១៣.៧៥០ ដុល្លារអាមេរិក) សម្រាប់មត្តេយ្យ ៤៥០-៥០០ លានដុងសម្រាប់សាលាបឋមសិក្សា និង៦០០-៧២៥លានដុងសម្រាប់ថ្នាក់មធ្យម និងវិទ្យាល័យ។ សាលានេះមានគ្រូបង្រៀនបរទេសប្រហែល១៣០នាក់ គ្រូបង្រៀនវៀតណាម២៦នាក់ និងបុគ្គលិកជាង១០០នាក់។

AISVN បានទាក់ទាញការចាប់អារម្មណ៍ជាសាធារណៈនៅចុងឆ្នាំ២០២៣ នៅពេលឪពុកម្តាយមួយក្រុមទាមទារឱ្យសងបំណុល។ ពួកគេបានអះអាងថា សាលាបានខ្ចីប្រាក់រាប់សិបពាន់លានដុង ដោយមិនមានការប្រាក់ ឬវត្ថុបញ្ចាំ ក្រោមកិច្ចសន្យាកម្ចី និងការវិនិយោគ។

ជាការតបស្នងវិញ កូនៗរបស់ពួកគេត្រូវបានផ្តល់ថ្លៃសិក្សាដោយឥតគិតថ្លៃ ដោយសាលាបានសន្យាថានឹងសងប្រាក់វិញ បន្ទាប់ពីសិស្សបានបញ្ចប់ការសិក្សា ឬផ្ទេរទៅសាលាផ្សេងទៀត។ ទោះជាយ៉ាងណា ឪពុកម្តាយបាននិយាយថា ពួកគេមិនដែលទទួលបានប្រាក់សំណងដែលបានសន្យានោះទេ៕

Most Popular

To Top