ទីក្រុងអូតាវ៉ា៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប៉ូលីសនៅប្រទេសកាណាដាកំពុងស៊ើបអង្កេត ការស្លាប់របស់និស្សិតស្រីអាយុ ២១ ឆ្នាំម្នាក់ដែលសាកសពត្រូវបានរកឃើញ ក្នុងឧទ្យានមួយនៅច្រាំងទន្លេ អូតាវ៉ា កាលពីថ្ងៃអាទិត្យ។
នេះបើតាម CTV News បានរាយការណ៍ថា គណៈកម្មការជាន់ខ្ពស់ឥណ្ឌា នៅទីក្រុងអូតាវ៉ាបានកំណត់អត្តសញ្ញាណនាងថា នាង Vanshika Saini ជានិស្សិតមកពីប្រទេសឥណ្ឌា។ នាងបានបាត់ខ្លួនជាច្រើនថ្ងៃមុនពេល សាកសពរបស់នាងត្រូវបានរកឃើញ។ នាង Saini បានផ្លាស់ទៅទីក្រុង អូតាវ៉ាកាលពី ២ ឆ្នាំមុន ដើម្បីបន្តក្តីសុបិនរបស់នាងក្នុងការសិក្សាថ្នាក់ឧត្តមសិក្សា។ លុះនៅល្ងាចថ្ងៃទី២៥ មេសា នាងបានចាកចេញពីផ្ទះទៅពិនិត្យបន្ទប់ជួល ។
សារព័ត៌មាន The Mirror បានរាយការណ៍ថា នៅពេលនាងខកខានមិនបានបង្ហាញខ្លួន សម្រាប់ការប្រឡងដ៏សំខាន់មួយនៅព្រឹកបន្ទាប់ មិត្តរបស់នាងបានព្យាយាមទាក់ទងទៅនាង ប៉ុន្តែទូរស័ព្ទរបស់នាងត្រូវបានបិទ។
មូលហេតុនៃការស្លាប់នៅតែមិនច្បាស់លាស់ ហើយការស៊ើបអង្កេតកំពុងបន្ត។ គណៈកម្មាធិការជាន់ខ្ពស់ឥណ្ឌា បានសម្តែងការសោកសៅយ៉ាងខ្លាំងរបស់ខ្លួន នៅលើការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមដោយបញ្ជាក់ថា ខ្លួនមានទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមគ្រួសារ និងសមាគមសហគមន៍ក្នុងស្រុក។
គណៈកម្មាធិការជាន់ខ្ពស់ធ្លាប់បានចែករម្លែកតំណ ទៅកាន់សំបុត្រពីសហគមន៍ហិណ្ឌូ ក្នុងតំបន់ដែលជំរុញឲ្យប៉ូលិសក្រុងអូតាវ៉ា ស៊ើបអង្កេតឲ្យបានហ្មត់ចត់លើការបាត់ខ្លួនរបស់សិស្ស៕
