ព័ត៌មានអន្តរជាតិ

ជនអន្តោរប្រវេសន៍ ជនជាតិវៀតណាម ៤នាក់ ត្រូវបានគេប្រទះឃើញស្លាប់ ក្នុងផ្ទះល្វែងនៅតៃវ៉ាន់

VN Express

តៃវ៉ាន់ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ជនជាតិវៀតណាម៤នាក់ ត្រូវបានគេប្រទះឃើញ ដេកស្លាប់ក្នុងផ្ទះល្វែង មួយកន្លែងនៅកោះតៃវ៉ាន់ បន្ទាប់ពីមិត្តភក្តិរាយការណ៍ថា បាត់ទំនាក់ទំនងជាមួយពួក គេអស់ជាច្រើនថ្ងៃ ។

យោងតាមប៉ូលីសទីក្រុង Taoyuan បាននិយាយថា ជនរងគ្រោះបុរស ២ នាក់ និងស្ត្រី ២ នាក់ដែលមានអាយុចន្លោះពី ២០ ទៅ ២៧ ត្រូវបានគេរកឃើញ នៅថ្ងៃទី ២ ខែឧសភាក្នុងផ្ទះល្វែងមួយមានទីតាំងនៅស្រុក Yangmei ។ សាកសពត្រូវបានគេប្រទះ ឃើញដេកស្លាប់ ក្នុងបន្ទប់មិនមានស្លាកស្នាមរបួស ឬរបួសខាងក្រៅឡើយ ។ អាជ្ញាធរបានកត់សម្គាល់ថា ទ្វារ និងបង្អួចរបស់អាផាតមិនត្រូវបានបិទ ហើយទឹកក្តៅកំពុងរត់ក្នុងបន្ទប់ទឹក។

យោងតាមកាសែត Taipei Times បានឲ្យដឹងថា ប៉ូលីសបានកំណត់អត្តសញ្ញាណអ្នកស្លាប់ ២ នាក់ជាកម្មករ គ្មានឯកសារ ម្នាក់ជានិស្សិត និងម្នាក់ទៀតជាកម្មករស្របច្បាប់។

ការស៊ើបអង្កេតបឋមបង្ហាញថា ការពុលកាបូនម៉ូណូអុកស៊ីត អាចបណ្តាលឲ្យពួកគេស្លាប់។ ការធ្វើកោសល្យវិច័យ ត្រូវបានបញ្ជាឲ្យបញ្ជាក់ពីមូលហេតុពិតប្រាកដ ខណៈការិយាល័យតំណាង របស់ប្រទេសវៀតណាម នៅតៃវ៉ាន់ ត្រូវបានគេជូនដំណឹង អំពីករណីនេះ ៕

Most Popular

To Top