ព័ត៌មានអន្តរជាតិ

អាជ្ញាធរវៀតណាមចាប់ខ្លួន ជនសង្ស័យជនជាតិចិន ២ នាក់ បន្ទាប់ពីរកឃើញផ្នូរ របស់អធិរាជបុរាណ មានសញ្ញារំខាន

វៀតណាម៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អាជ្ញាធរនៅភាគកណ្តាលប្រទេសវៀតណាមបានចាប់ខ្លួនជនជាតិចិន ២ នាក់ដែលសង្ស័យថា ពួកគេប៉ុនប៉ងលួចផ្នូររបស់អធិរាជវៀតណាមសតវត្សទី ១៥ បន្ទាប់ពីអាជ្ញាធរនៅតំបន់នោះរកឃើញមានសញ្ញានៃការរំខានស្ថិតជុំវិញផ្នូរ។

លោក Nguyen Van Hai មជ្ឈមណ្ឌលស្រាវជ្រាវប្រវត្តិសាស្ត្រ និងអភិរក្សបេតិកភណ្ឌ Thanh Hoa បាននិយាយថា ផ្នូររបស់ស្តេច Le Tuc Tong នៅខេត្ត Thanh Hoa ត្រូវបានរំខាន។ ជនសង្ស័យមានឈ្មោះលោក Deng Zhui អាយុ ៤១ ឆ្នាំ និងលោក Shen Jiang Yang អាយុ ៤៣ ឆ្នាំ មកពីខេត្ត Guangxi ប្រទេសចិន ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ៤ ខែឧសភា ខណៈកំពុងព្យាយាមចាប់កាប៊ីនទៅព្រំដែនចម្ងាយជិត ៤០០ គីឡូម៉ែត្រពីផ្នូរ។

អាជ្ញាធរជឿថា បុរសទាំងនោះមានបំណងរត់គេចទៅប្រទេសចិនវិញ។ ការចាប់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីនៅតំបន់ប្រវត្តិសាស្ត្រ Lam Kinh កត់សម្គាល់ឃើញសកម្មភាពគួរឲ្យសង្ស័យ អំឡុងពេលត្រួតពិនិត្យជាប្រចាំ នៅវេលាម៉ោង៩ និង៣០នាទីយប់នៅថ្ងៃទី ៣ ឧសភា។

ពួកគេបានឃើញភាពមិនប្រក្រតីក្នុងតំបន់ជុំវិញផ្នូរ ដែលធ្វើឲ្យមានការព្រួយបារម្ភភ្លាមៗ។ ការស្វែងរកជាបន្តបន្ទាប់បានរកឃើញកំណាត់ដែកដែលកប់នៅក្រោមដីចំនួន ៥ ម៉ែត្រ ត្រូវគេជឿថា ជាឧបករណ៍ប្រើប្រាស់ដើម្បីស្វែងរកវត្ថុបុរាណដែលបានកប់។ ទាំងនេះត្រូវបានគេរកឃើញប្រហែល ១០ ម៉ែត្រពីជញ្ជាំងបរិវេណនៃផ្នូរ។

ពួកគេក៏បានរកឃើញដបទឹកមួយចំនួន ទូរស័ព្ទដៃបង្ហាញអក្សរចិន និងអត្តសញ្ញាណប័ណ្ណសញ្ជាតិចិនម្នាក់។

អាជ្ញាធរបាននិយាយថា កាលពីដើមឆ្នាំនេះ មានបុរស ២ នាក់បានទៅលេងតំបន់ប្រវត្តិសាស្ត្រដែលក្លែងខ្លួនជាអ្នកទេសចរ ដោយជួលម៉ូតូ និងពិនិត្យផ្នូរទាំងអស់ក្នុងតំបន់ រួមទាំងប្រាសាទ Le Tuc Tong ដែលសោយរាជ្យរយៈពេលខ្លីក្នុងសតវត្សទី ១៥ មុនពេលសោយទិវង្គតនៅអាយុ ១៧ ឆ្នាំ។

អាជ្ញាធរសង្ស័យថា ពួកគេជាជនជាតិចិន ២ នាក់ដែលបានត្រឡប់មកវិញក្រោមគម្របយប់ដើម្បីព្យាយាមប្លន់ផ្នូរ៕

Most Popular

To Top