ព័ត៌មានអន្តរជាតិ

និស្សិតជនជាតិចិនម្នាក់ កាត់ទោសឲ្យជាប់គុកពីបទដុតបំផ្លាញសាកលវិទ្យាល័យកូរ៉េខាងត្បូង

VN Express

កូរ៉េខាងត្បូង៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា និស្សិតជនជាតិចិនម្នាក់មានអាយុ ២០ ឆ្នាំត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារពីបទបានប្រព្រឹត្តការ វាយប្រហារដោយភ្លើងឆេះជាបន្តបន្ទាប់លើបរិវេណសាកលវិទ្យាល័យមួយក្នុងទីក្រុង Ulsan ប្រទេសកូរ៉េខាងត្បូងកាលពីដើមឆ្នាំនេះ ហើយព្យាយាមរត់ចេញពីប្រទេសជាបន្តបន្ទាប់។

តុលាការស្រុក Ulsan បានប្រកាសកាលពីថ្ងៃអង្គារថា និស្សិតរូបនេះត្រូវបានកាត់ទោសពីបទចាប់ផ្តើមមានអគ្គីភ័យជាច្រើននៅលើ និងជុំវិញបរិវេណសាកលវិទ្យាល័យក្នុងខែកុម្ភៈ។

យោងតាមសារព័ត៌មាន Korea Herald បានឲ្យដឹងថា តុលាការបានកាត់ទោសនិស្សិតរូបនេះឲ្យជាប់ពន្ធនាគាររយៈពេល ១៨ ខែ សម្រាប់ការដុតភ្លើងទីតាំងយ៉ាងតិច ៥ ដាច់ដោយឡែកពីគ្នា រួមទាំងនៅជិតអន្តេវាសិកដ្ឋាន ផ្លូវដើរក្នុងបរិវេណសាលា និងតំបន់ស្មៅនៅខាងក្រៅអគារសាកលវិទ្យាល័យ។

អ្នកស៊ើបអង្កេតបានរកឃើញថា សិស្សដំបូងបានដុតភួយ និងសៀវភៅកត់ត្រានៅកន្លែងជក់បារីក្នុងបរិវេណសាលា។ បន្ទាប់មកគាត់បានត្រឡប់ទៅគេហដ្ឋានរបស់គាត់វិញ យកឯកសារ និងសៀវភៅកត់ត្រាបន្ថែមទៀត ហើយត្រឡប់ទៅចាប់ផ្តើមភ្លើងបន្ថែមនៅកន្លែងផ្សេងទៀតនៅក្នុងបរិវេណសាលា។ អគ្គីភ័យមួយបានរាលដាល និងបំផ្លាញដីព្រៃក្បែរនោះប្រមាណ ៥០ ម៉ែត្រការ៉េ ។

ជាសំណាងល្អ ភ្លើងបានរលត់ទៅវិញយ៉ាងឆាប់រហ័ស ហើយមិនបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិ ឬខូចខាតធ្ងន់ធ្ងរនោះទេ។ និស្សិតរូបនេះត្រូវបានកាត់ទោសនៅក្រោមច្បាប់របស់ប្រទេសកូរ៉េពីបទដុតបំផ្លាញទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដែលហាមឃាត់ការដុតបំផ្លាញទ្រព្យសម្បតិ្តផ្ទាល់ខ្លួនតាមរបៀបបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពសាធារណៈ។

យោងតាមកាសែត Korea JoongAng Daily បាននិយាយថា និស្សិតរូបនេះបានព្យាយាមរត់គេចពីកូរ៉េខាងត្បូង ហើយត្រឡប់ទៅប្រទេសចិនវិញមួយថ្ងៃបន្ទាប់ពីឧប្បត្តិហេតុនេះ ប៉ុន្តែត្រូវបានចាប់ខ្លួននៅព្រលានយន្តហោះ។

ក្នុងអំឡុងពេលនៃការជំនុំជម្រះ លោកបានសារភាពថា ខ្លួនបានដុតភ្លើងដំបូងនៅកន្លែងជក់បារី ប៉ុន្តែបដិសេធមិនទទួលខុសត្រូវចំពោះឧប្បត្តិហេតុផ្សេងទៀត។ ទោះជាយ៉ាងណាក៏ដោយ តុលាការបានច្រានចោលការអះអាងរបស់គាត់ ដោយលើកយកភស្តុតាងដែលបង្ហាញថា ភ្លើងបានកើតឡើងនៅតាមផ្លូវធ្វើដំណើររបស់គាត់។

តុលាការបាននិយាយថា សកម្មភាពរបស់ចុងចោទបានបណ្តាលឲ្យមានការបំផ្លិចបំផ្លាញព្រៃឈើចំនួន ៥០ម៉ែត្រការ៉េ និងអាចកើនឡើងទៅជាភ្លើងកាន់តែធំ។តុលាការបានកត់សម្គាល់ថា ក្នុងការកំណត់ការកាត់ទោសបានគិតថាមិនមានរបួសអ្វីទេ ហើយបានចាត់ទុកសុខភាពផ្លូវចិត្តរបស់សិស្ស៕

Most Popular

To Top