វៀតណាម ៖ លោកស្រី Phan Thi Hai នាយករងមូលនិធិបង្ការគ្រោះថ្នាក់ថ្នាំជក់ ក្រោមក្រសួងសុខាភិបាលបានព្រមានថា នៅពេលដែលប្រាក់ចំណូល ជាមធ្យមបន្តកើនឡើង ផលិតផលថ្នាំជក់កាន់តែមានតម្លៃសមរម្យ និងអាចប្រើប្រាស់បានដល់សហគមន៍ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express ។
ថ្លែងនៅសិក្ខាសាលា ស្តីពីការបង្ការគ្រោះថ្នាក់ថ្នាំជក់ បានធ្វើឡើងនៅទីក្រុងហាណូយកាលពីសប្តាហ៍មុន លោកស្រីបាននិយាយថា ចាប់ពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១៩ វៀតណាម បានដំឡើងពន្ធលើការប្រើប្រាស់ពិសេសលើថ្នាំជក់ចំនួន ៣ ដង។ ទោះជាយ៉ាងណាក៏ដោយ ការកើនឡើងទាំងនេះ មានទំហំតូចពេក និងឆ្ងាយពីគ្នាខ្លាំងពេក ដើម្បីជះឥទ្ធិពលយ៉ាងខ្លាំងដល់ឥរិយាបថអ្នកប្រើប្រាស់។
លោកស្រីបានបន្តថា ការប្រើប្រាស់ថ្នាំជក់នៅតែជាមូលហេតុចម្បងមួយ នៃជំងឺ និងការស្លាប់មុនអាយុ ។ ផ្សែងថ្នាំជក់មានផ្ទុកសារធាតុគីមីចំនួន ៧,000 ក្នុងនោះ ៦៩ ត្រូវបានគេស្គាល់ថា ជាសារធាតុបង្កមហារីក និងរួមចំណែកដល់ជំងឺចំនួន ២៥ ផ្សេងៗគ្នា រួមមានជំងឺមហារីក សរសៃឈាមបេះដូង ផ្លូវដង្ហើម និងសុខភាពបន្តពូជ ។
យោងតាមទិន្នន័យឆ្នាំ ២០២១ របស់អង្គការ សុខភាពពិភពលោក (WHO) បាននិយាយា ការប្រើប្រាស់ថ្នាំជក់នៅប្រទេស វៀតណាមបណ្តាល ឲ្យមានអ្នកស្លាប់ប្រមាណ ៨៥,៥០០នាក់ក្នុងមួយឆ្នាំៗ ជាមួយនឹងការស្លាប់បន្ថែម ចំនួន ១៨,៨០០ នាក់ ត្រូវបានសន្មតថា បណ្តាលមកពីការប៉ះពាល់ នឹងផ្សែងបារី ដែលសរុបមានប្រហែល ១០៤,៣០០នាក់បានស្លាប់ ដោយសារថ្នាំជក់ជារៀងរាល់ឆ្នាំ។
លោកស្រីបានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០១៩ មក ប្រទេសវៀតណាមបានអនុវត្តពន្ធលើការប្រើប្រាស់ពិសេស ៧៥ភាគរយលើផលិតផលថ្នាំជក់ ដោយផ្អែកលើតម្លៃរោងចក្រ។ បារីមួយកញ្ចប់ដែលលក់រាយតម្លៃ ១០.០០០ ដុង មានតម្លៃរោងចក្រប្រហែល ៣.៩០០ ដុង។ ការកើនឡើងពន្ធ ៥ ភាគរយបណ្តាលឲ្យមានការកើនឡើងត្រឹមតែ ៣០០ ដុង ឬ៣ ភាគរយនៃតម្លៃលក់រាយ ហើយតិចជាងអត្រាអតិផរណា (៤ភាគរយ) និងកំណើនប្រាក់ចំណូលជាមធ្យម (៥ភាគរយ) ដោយសន្និដ្ឋានថាវាមានឥទ្ធិពលតិចតួច ដល់អាកប្បកិរិយានៃការជក់បារី។
បច្ចុប្បន្ននេះចំណែកពន្ធសរុប នៅតម្លៃលក់រាយបារីក្នុងប្រទេសវៀតណាមមានត្រឹមតែ ៣៦ភាគរយ ប៉ុណ្ណោះទាបជាង ៧០-៧៥ ភាគរយរបស់អង្គការសុខភាពពិភពលោក ហើយថែមទាំងទាបជាងដៃគូក្នុងតំបន់ដូចជាប្រទេសថៃ (៧៨.៦ ភាគរយ) ហ្វីលីពីន (៧១.៣ ភាគរយ) និងសិង្ហបុរី (៦៧. ៥ភាគរយ)៕
